គណៈប្រតិភូខេត្តសៀមរាប បន្តសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ យោធភូមិភាគទី៤ ប្រចាំទិសទី២ និងអង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប


គណៈប្រតិភូខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម អ៉ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត បាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈ និង ថវិកាមួយចំនួន ចុះសួរសុខទុក្ខកងទ័ពប្រចាំសមរភូមិមុខ យោធភូមិភាគទី៤ ប្រចាំទិសទី២ និងអង្គភាពវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងសៀមរាប ឈរជើងតំបន់អូរកូនតឹង ស្ថិតនៅភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប តំបន់ព្រៃស្អាក កាលពីរសៀលថ្ងៃទី ០២ ខែ មេសា ឆ្នាំ២០១៩ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ប្រពៃណីជាតិខ្មែរយើងខាងមុខនេះ ។

លោកឧត្តមសេនីយ៍ទោ ស៊ិន ភាត់ មេបញ្ជាការតំបន់ប្រតិបត្តិការសិករងសៀមរាប ធ្វើសេចក្តីរាយការ អំពីស្ថានភាពសន្តិសុខនៅ ក្នុងតំបន់ភូមិសាស្ត្រតាមបណ្តោយខ្សែព្រំដែន និងស្ថានភាពជីវភាពរស់នៅរបស់កងទ័ព។ ក្រោយពេលដែលសភាពការណ៍នៅតាមបណ្តោយបន្ទាន់ព្រំដែនមានសភាពស្ងប់ស្អាត់ បានក្លាយជាសមរភូមិកំពុងអភិវឌ្ឍន៍តំបន់ព្រំដែនសន្តិភាព និង បានធ្វើឲ្យអង្គភាពធ្វើការពង្រឹងបណ្តុះបណ្តាល ហ្វឹកហ្វឺនដល់នាយ និងពលទាហាន ឲ្យកាន់យល់ច្បាស់អំពីយុទ្ធសាស្ត្ររបស់កងទ័ព ក្នុងការលើកកម្ពស់ដល់វិស័យកងទ័ព ព្រមទាំងបានធ្វើការកសាងអង្គភាព តាមរយៈសម្ព័ន្ធមេត្រីភាព ក្នុងការឧបត្ថម្ភគាំទ្រដល់សមរភូមិមុខ ពីបណ្តាក្រសួង មន្ទីរ សប្បុរសជនផងដែរ ។

មានប្រសាសន៍សំណេះសំណាលជាមួយនាយទាហាន និង ពលទាហាន ក្នុងឱកាសប្រជាពលរដ្ឋកម្ពុជា រៀបចំទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំកុរ ឯកទ្ធិស័ក ព.ស ២៥៦៣ខាងមុខ ឯកឧត្តម ទៀ សីហា ក៍បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដ៏ដូចសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង អគ្គបញ្ជាការ តែងតែនឹកគិតដល់បងប្អូនជានាយទាហាន ពលទាហាននៅសមរភូមិមុខ តាមបន្ទាត់ព្រំដែនកម្ពុជា ថៃ អំពីសុខភាព និង ជីវភាពរស់នៅរបស់បងប្អូនកងយោធពលខេមរភូមិន្ទយើង ។

ឯកឧត្តមក៏បានធ្វើការក្រើនរំលឹក ដល់នាយទាហាន ពលទាហានទាំងអស់ ដោយបញ្ជាក់ថា ក្រោយពីបងប្អូនបានវិលត្រឡប់ពីការបំពេញភារកិច្ច នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មកឈរជើងនៅលើទីតាំងចាស់របស់ខ្លួនវិញ សូមបងប្អូនត្រូវយកចិត្តទុកដាក់ បង្កើនការហ្វឹកហាត់ឲ្យបានជាប្រចាំ នូវយុទ្ធវិធី យុទ្ធសាស្រ្តរបស់កងទ័ព ។ ម៉្យាងទៀតទោះបីស្ថានការណ៍នៅតាមបណ្តោយ ព្រំដែនកម្ពុជា ថៃ បានវិលមករកដូចសភាពដើមក៏ដោយ បងប្អូនទាំងអស់ក៏ត្រូវត្រៀមលក្ខណៈនៅគ្រប់វិនាទី ក្នុងការជួយអន្តរាគមន៍ នូវពេលមានសភាពការណ៍ណាមួយកើតឡើង ។

ឯកឧត្តម ទៀ សីហា ក៏បានធ្វើការផ្តាំផ្ញើដល់បងប្អូនទាំងអស់ គឺត្រូវឈរលើជំហរដាច់ខាត ក្នុងការការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និង ត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាងជម្រកក្នុងអង្គភាព ព្រមទាំងធ្វើការដាំដុះដំណាំ បន្លែបង្កា និង ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ជីវភាពកងទ័ពក្នុងអង្គភាព និង គ្រួសារកងទ័ព សំខាន់លើការគ្រប់គ្រង ថែរក្សានូវគ្រឿងបំពាក់សម្ភារៈកងទ័ពឲ្យបានល្អ ក្នុងការទ្រទ្រង់នៅពេលមានសភាពការណ៍ណាមួយកើតឡើង ។ ក្នុងនោះដែរឯកឧត្តម ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានធ្វើការថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិ ប៊ុន រ៉ានី ហ៊ុន សែន ក្នុងនាមជាអគ្គភស្តុភារជាន់ខ្ពស់នៃ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះកងទ័ពដែលបានកំពុងបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិកម្ពុជា ទាំងជីវភាពរស់នៅ និង សុខភាព កត្តាសំខាន់គឺចូលរួមការពារអភិរក្សព្រៃឈើ ហើយគ្រប់សកម្មភាពរបស់យុទ្ធជន និង យុវជនទាំងអស់ ពេលចូលរួមក្នុងពិធីណា គឺត្រូវធ្វើការដាំដុះកូនឈើ នៅតាមតំបន់ដែលត្រូវបានកាប់បំផ្លាញព្រៃឈើយកដីធ្វើកម្មសិទ្ធ ដើមី្បការពារបរិស្ថាន ធម្មជាតិនៃភពផែនដី និង អំពាវនាវដល់កងទ័ពទាំងអស់ ចូលរួមទប់ស្កាត់បទល្មើសព្រៃឈើផងដែរ ។ ម៉្យាងទៀតថ្ងៃនេះ គណៈប្រតិភូខេត្តសៀមរាប បានផ្តល់នូវជាគ្រឿងឧបភោគបរិភោគ ដល់បងប្អូនជានាយទាហាន ពលទាហាននៃយោធភូមិភាគទី៤ ប្រចាំទិសទី២ និង អង្គភាពវរៈសេនាតូចលេខ១ នៃតំបន់ប្រតិបត្តិការសឹករងខេត្តសៀមរាប ក្នុងស្ថានភាព កសាងទីតាំង និងហ្វឹកហ្វឺន ព្រមទាំងបានបួងសួងដល់បារមីដ៏សក្តិសិទ្ធដែលគង់ប្រថាប់នៅ លើទឹកដីប្រវត្តិសាស្រ្តខេត្តសៀមរាប តាមជួយបីបាច់ថែរក្សា ដល់កងកម្លាំងទាំងអស់ ឲ្យជួបតែសេចក្តីសុខចម្រើន និង ដើមី្បចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍន៍រីកចម្រើនជូនដល់ប្រជាពលរដ្ឋ ឲ្យដល់ត្រើយសុភមង្គមតទៅថ្ងៃអនាគត ។

អំណោយដែលគណៈប្រតិភូបានប្រគល់ជូនដល់ទីបញ្ជាការប្រចាំទិសទី២ នៃយោធភូមិភាគទី៤ នូវស្រាបៀរ ៤០កេស ថវិកា ៥លានរៀល ,គោ ១ក្បាល , អង្គភាពវរៈសេនាតូចលេខ១ មានគ្រឿងឧបភោគបរិភោគ ចំនួន ២៥មុខ , មី ៧០កេស , ស្រាបៀរ ៦០កេស ,ទឹកក្រូច ៥០កេស , គោ ១ក្បាល , ជ្រូក ៣ក្បាល , ប្រេងម៉ាស៊ូត ៥០០លីត្រ,ពុយដាក់ប្រេង ៥ ,សាប៊ូលាងចាន ១០លីត្រ និង ថវិកា ៦លានរៀល ក្នុងនោះ បានចែកជូនយោធិនម្នាក់ៗ ៤ម៉ឺនរៀល និង បានរៀបចំអាហារសាមគ្គីផងដែរ ៕