សិក្ខាសាលា ស្តីពីការផ្សព្វផ្សាយសមិទ្ធផលនៃគម្រោងកំណែទម្រង់អភិបាលកិច្ចបរិស្ថាន


នៅថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយសមិទ្ធផលនៃគម្រោងកំណែទម្រង់អភិបាលកិច្ចបរិស្ថាន។ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពសំដែងការអបអរសាទរចំពោះភាពជោគជ័យក្នុងការអនុវត្តគម្រោង ដោយសម្រេចបាននូវលទ្ធផលតាមការរំពឹងទុក ដែលនេះបញ្ជាក់ពីការចូលរួមសហការយ៉ាងល្អប្រសើររវាងពហុភាគី ដែលរួមមានស្ថាប័នរាជរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ។ ឯកឧត្តម បានបន្ថែមទៀតថា ទោះបីជាគម្រោងនេះនឹងត្រូវបានបញ្ចប់នៅពាក់កណ្តាលខែមេសា ឆ្នាំ២០១៩ឆាប់ៗខាងមុខនេះក៏ពិតមែន តែជាជំហានបន្តគឺកិច្ចសហការក្នុងការអនុវត្តសមកម្មភាពនានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចបានទិសដៅដែលនាំឱ្យកម្ពុជាក្លាយជាប្រទេសកំពុងអភិវឌ្ឍន៍មានចំណូលមធ្យមនៅក្នុងឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ សូមបញ្ជាក់ថា សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងតំណាងអគ្គនាយកដ្ឋានជំនាញទាំង៥នៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋានក.ជ.អ.ច. ដៃគូពាក់ព័ន្ធជាច្រើននាក់។