គណៈប្រតិភូខេត្តរតនគិរី ចូលសំណេះសំណាល និងសំដែងការគួរសមជាមួយ ឯកឧត្តម Liu Youming លេខាគណៈកម្មាធិការបក្សកុម្ម៉ុយនីស្តចិន និងជាប្រធានសភាអចិន្ត្រៃយ៍តំណាងប្រជាជនទីក្រុងឆុងជ័រ


កាលពីរសៀលថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី ដឹកនាំគណៈប្រតិភូខេត្ត ចូលសំណេះសំណាល និងសំដែងការគួរសមជាមួយ ឯកឧត្តម Liu Youming លេខាគណៈកម្មាធិការបក្សកុម្ម៉ុយនីស្តចិន និងជាប្រធានសភាអចិន្ត្រៃយ៍តំណាងប្រជាជនទីក្រុងឆុងជ័រនៅមជ្ឈមណ្ឌលសន្និសីទទីក្រុងឆុងជ័រ។ ក្នុងឱកាសនោះឯកឧត្តម Liu Youming បានការស្វាគមន៍គណៈប្រតិភូ
ខេត្តរតនគិរីដែលបានមកទស្សនកិច្ច និងចូលរួមពិធីបុណ្យវប្បធម៌ និងទេសចរណ៍អន្តរជាតិនៅទីក្រុងឆុងជ័រដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែ មេសា ឆ្នាំ២០១៩។ ឯកឧត្តមបានបន្តថានេះគឺជាការរឹតចំណងមេត្រីភាពអោយកាន់តែស្និទ្ធស្នាល ជឿជាក់ និងពង្រឹងអោយកាន់តែប្រសើរថែមទៀតនូវការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការវប្បធម៌ជាទ្វេរភាគីរតនគិរី~ទីក្រុងឆុងជ័រ។ ហើយឯកឧត្តមសង្ឃឹមថាគណៈប្រតិភូខេត្តរតនគិរីនឹងស្វែងយល់ពីវប្បធម៌ប្រពៃណីទំនៀមទំលាប់ ជាពិសេសបងប្អូនភាគតិចជ័ងនៅខេត្តក្វាងស៊ីផងដែរ។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តរតនគិរីបានថ្លែងអំណរគុណចំពោះឯកឧត្តម Liu Youming ក៏ដូចជាថ្នាក់ដឹកនាំទីក្រុងឆុងជ័រ ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះគណៈប្រតិភូខេត្តរតនគិរី ហើយឯកឧត្តមបានលើកឡើងពីស្ថានភាពនយោបាយ សន្តិភាពក្នុងប្រទេសកម្ពុជា ដែលជាឱកាសល្អក្នុងការវិនិយោគផងដែរ។ ឯកឧត្តមក៏បានសំណូមពរដល់ភាគីមិត្តក្នុងការជួយបណ្តុះបណ្តាលដល់មន្រ្តីជំនាញ ជាពិសេសមន្រ្តីសុខាភិបាលខេត្ត និងជួយផ្តល់នូវអាហារូបករណ៍ដល់និស្សិតក្នុងខេត្តរតនគិរីអោយបានសិក្សានៅទីក្រុងឆុងជ័រនេះផងដែរ។ ហើយឯកឧត្តមក៏បានអញ្ជើញថ្នាក់ដឹកនាំក្រុងឆុងជ័រទៅទស្សនកិច្ចខេត្តរតនគិរីក្នុងពេលវេលាសមស្របណាមួយផងដែរដើម្បីស្វែងយល់ពីទំនៀមទំលាប់ប្រពៃណី និងឱកាសវិនិយោគលើវិស័យដែលមានសក្តានុពលនៅក្នងខេត្ត។

ពាក់ព័ន្ធនឹងសំណូមពរខាងលើ ឯកឧត្តម Liu Youming ក៏បានឯកភាព ហើយផ្តល់ឱកាសអោយមន្រ្តីជំនាញនៃខេត្តទាំងពីរពិភាក្សាគ្នាលម្អិតបន្ថែម ហើយជាចុងក្រោយឯកឧត្តម បានជូនពរគណៈប្រតិភូខេត្តរតនគិរីទទួលបានជោគជ័យ និងសុខសុវត្ថិភាពក្នុងដំណើរទស្សនកិច្ចនេះ៕