សម្តេចតេជោ ហ៊ុន សែន៖ ក្នុងឱកាសចូលឆ្នាំខ្មែរនៅតែមមាញឹកជាមួយការងារប្រទេសជាតិ ដោយត្រូវជួបភ្ញៀវ និងពិនិត្យមើលឯកសាររៀងរាល់ថ្ងៃ !


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុ ន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ តាមរយៈ Facebook សម្តេចបានលើកឡើងពីសកម្មភាពដែលសម្តេចត្រូវបំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បើទោះបីជាពេលវេលាដែលត្រូវឈប់សម្រាកដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិក្តី។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ថា ក្នុងឱកាសបុណ្យឆ្នាំថ្មីខាងមុខនេះ សម្តេចនៅតែបំពេញការងារប្រទេសជាតិដូចសព្វមួយដង ដោយត្រូវជួបភ្ញៀវនៅផ្ទះជាប្រចាំ និងត្រូវពិនិត្យឯកសារ លិខិតស្នាមការងារក្រសួងមន្ទីរជារៀងរាល់ថ្ងៃ។

ទោះបីមានការងារមមាញឹកយ៉ាងណាក្តី ក៏សម្តេចតេជោ ហ៊ុន សែន ពេញចិត្តនឹងបំពេញ ព្រោះដើម្បីការរីកចម្រើន និងអភិវឌ្ឍន៍ប្រទេសកម្ពុជាដែលធ្លាប់តែកម្សត់ ឲ្យកាន់តែមានភាពរុងរឿងថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook របស់សម្តេចយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? ក្រោយពីឆេងម៉េងហើយ ចូលឆ្នាំខ្មែរក៏នឹងមកដល់ឆាប់ៗខាងមុខនេះ។ សង្ឃឹមថាឆ្នាំនេះ បងប្អូនមានជម្រើសច្រើនសម្រាប់ដំណើរកំសាន្តទាំងក្នុង និងក្រៅប្រទេស ព្រោះប្រទេសជាតិមានសុខសន្តិភាព បងប្អូនអាចធ្វើដំណើរទៅទីជិតឆ្ងាយ ដោយគ្មានការព្រួយបារម្ភអ្វីទាំងអស់។

ចំពោះខ្ញុំ គឺរវល់នឹងការងារប្រទេសជាតិដូចសព្វមួយដង។ ទោះមិនមកជួបភ្ញៀវនៅវិមានរដ្ឋាភិបាល ក៏មានកម្មវិធីជួបភ្ញៀវនៅផ្ទះជាប្រចាំ។ រីឯការពិនិត្យលើឯកសារក្រដាសស្នាម ការងារក្រសួងមន្ទីរវិញ គឺមានជារៀងរាល់ថ្ងៃ។ នៅល្ងាចថ្ងៃទី ៤ មេសា នេះខ្ញុំនឹងហូបបាយសាមគ្គីជាមួយបងប្អូនកីឡាករកីឡាការិនី នៅកោះពេជ្រ ដែលធ្វើក្នុង១ឆ្នាំម្តងៗ។

សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ និងមានសំណាងល្អក្នុងឆ្នាំថ្មីនេះ។ សុំអរគុណដែលបងប្អូនបានជូនពរខ្ញុំនៅក្នុងថ្ងៃ ៤ មេសានេះ»៕