សម្ដេចតេជោសំណូមពរឱ្យអាចារ្យ អាចារិនីទាំងអស់មានសាមគ្គីល្អ


ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសំណូមពរឱ្យអាចារ្យ អាចារិនីទាំងអស់ មានសាមគ្គីល្អជាមួយ ចៅអធិការវត្ត អាជ្ញាធរដែនដី ដោយមិនត្រូវប្រកាន់បក្សពួកនោះឡើយ។
ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនី នៅទូទាំងប្រទេសប្រមាណ១០០០នាក់ នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលសន្និសីទចតុម្មុខ សម្ដេចតេជោមានប្រសាសន៍ថា មានអាចារ្យ អាចារិនីជាច្រើននាក់ ហើយដែលបានទទួលការអប់រំបណ្តុះបណ្តាលចំណេះដឹងលើផ្នែកអាចារ្យ។ប៉ុន្តែ មកទល់សព្វថ្ងៃនេះ តម្រូវការរបស់ពុទ្ធបរិស័ទលើអាចារ្យគឺនៅតែជាតម្រូវការធំ។
រដ្ឋាភិបាលកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរពសិទ្ធិសេរីភាព ខាងជំនឿសាសនា និងជំនឿរបស់ ប្រជាជន ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងបន្តពង្រឹងនិងពង្រីក ពុទ្ធិកសិក្សា នៅគ្រប់កម្រិតជំរុញការសិក្សាស្រាវជ្រាវ បោះពុម្ព និងផ្សព្វផ្សាយគម្ពីរដីកា ក្បួនតម្រា និងក្បួនច្បាប់ សម្រាប់ប្រតិបត្តិធម្មវិន័យ។
ទាក់ទងនឹងការលើកកម្ពស់សមត្ថភាពយល់ដឹងអំពីវប្បធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ សម្ដេចតេជោ បានណែនាំឱ្យក្រសួងធម្មការ និងសាសនា បន្តរៀបចំកម្មវិធីជួបជុំជាប្រចាំឆ្នាំដើម្បីបង្កលក្ខណៈឱ្យអាចារ្យ អាចារិនី ទាំងអស់នៃ សមាគមអាចារ្យខ្មែរ មានឱកាសផ្លាស់ប្តូរមតិយោបល់ និងចែករំលែកចំណេះ ដឹងផ្សេងៗ។
ទន្ទឹមនឹងនេះ សម្ដេចតេជោ បានមានប្រសាសន៍រំលឹកដល់អាចារ្យអាចារិនីទាំងអស់ ឱ្យយកចិត្តទុកដាក់ និងគោរពប្រតិបត្តិទៅតាមទំនៀមទម្លាប់ និងជំនឿនៅតាមតំបន់មួយចំនួន ដែលប្រជាពលរដ្ឋ និងគ្រួសារខ្មែរយើងមួយចំនួន នៅប្រតិបត្តិតាមនៅឡើយ។អាចារ្យ អាចារិនីមិនត្រូវចាប់បង្ខំគេ ឱ្យគោរពតាមទាំងស្រុងនោះទេ។
សម្ដេចតេជោ ហ៊ុន សែន ក៏ បានលើកទឹកចិត្ត និងជំរុញដល់អាចារ្យ អាចារិនី ខិតខំយកចិត្តទុកដាក់ថត និងចងក្រងឯកសារ គម្ពីរទាំងឡាយទាក់ទងនឹងវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ ដើម្បីរក្សាទុកសម្រាប់ ក្មេងជំនាន់ក្រោយក៏ដូចជាសម្រាប់ជាកេរដំណែល និងជាមរតកជាតិ និងសម្រាប់ផ្សព្វផ្សាយ។
ក្នុងរបប ប៉ុល ពត ប្រទេសយើងបានបាត់បង់ក្បួនច្បាប់តម្រាស្ទើរទាំងស្រុង។ ក្រោយពេលពីប្រទេស ជាតិយើងត្រូវបានរំដោះផុតពីរបបប្រល័យពូជសាសន៍ហើយ គឺយើងបានខិតខំស្រាវជ្រាវប្រមូលចងក្រង រក្សាទុកនូវស្នាដៃទាំងឡាយជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាដែលអាចឱ្យយើងថតរក្សាទុកនូវឯកសារទាំងអស់នោះទុកបានយូរអង្វែង។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានសំណូមពរដល់អាចារ្យ អាចារិនី ឱ្យមានសាមគ្គីល្អជាមួយចៅអធិការវត្ត ព្រះសង្ឃ អាជ្ញាធរដែនដី ដោយមិនត្រូវប្រកាន់បក្សពួក ហើយអាចារ្យ អាចារិនី ត្រូវធ្វើជាបុគ្គលជាទីគោរព។
សព្វថ្ងៃនេះវត្តអារាមមានច្រើន ការធ្វើបុណ្យទានកាន់តែច្រើន តម្រូវការអាចារ្យក៏កាន់តែច្រើន ដូច្នេះហើយទើបទាមទារ ឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សផ្នែក អាចារ្យ អាចារិនី នេះឱ្យមានចំណេះដឹងខ្ពង់ខ្ពស់ ។
អាចារ្យ អាចារិនី ត្រូវបន្តពង្រីកចំណេះដឹង និងខិតខំស្រាវជ្រាវក្បួនខ្នាតដើម្បីរួមចំណែកកសាង ឯកសារគោលសម្រាប់បោះពុម្ពផ្សាយជាប្រយោជន៍សង្គម និងត្រូវធ្វើគំរូល្អប្រកបដោយសីលធម៌ ចរិយាធម៌ល្អ ដើម្បីចូលរួមទប់ស្កាត់អំពើហិង្សានៅក្នុងសង្គមជាតិផងដែរ។រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននិងកំពុងបង្កើនការយកចិត្តទុកដាក់ខ្ពស់ ក្នុងលើកកម្ពស់គុណភាពអាចារ្យ អាចារិនី ដើម្បីរួមគ្នាថែរក្សា វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ដែលជាអត្តសញ្ញាណជាតិរបស់យើង ឱ្យកាន់តែរីកចម្រើន និងស្ថិតស្ថិរគង់វង្សយូរអង្វែង។
គួរបញ្ជាក់ដែរថា មកដល់បច្ចុប្បន្ននេះ ក្រសួងធម្មការ និងសាសនា បានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច ក្រម សីលធម៌អាចារ្យខ្មែរ បានចំនួន២២វគ្គ ដែលមានសិក្ខាកាម ជាអាចារ្យ អាចារិនី ចូលរួម ចំនួន ៨.៥៧៥ នាក់ រួចមកហើយ ៕