អណ្តូងទឹកស្នប់ ចំនួន ៤០ អណ្តូង ដែលជាអំណោយរបស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម តាមរយៈអង្គការ CBN និងអង្គការកាកេហេ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ស្របពេលបងប្អូនប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃឈរ កំពុងតែខ្វះខាតទឹកសម្រាប់ប្រើប្រាស់ដោយសារតែជួបគ្រោះរាំងស្ងួត ក្រោមធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃអង្គារ ១៣ រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ។
សូមបញ្ជាក់ផងដែរថា ក្នុងអំឡុងខែកុម្ភៈកន្លងទៅថ្មីៗនេះ ដោយសារតែក្នុងតំបន់ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ជួបការខ្វះខាតទឹក ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអោយមន្ត្រីធ្វើការសិក្សាដើម្បីផ្តល់អណ្តូងទឹកជូនបងប្អូនប្រជាពលរដ្ឋ អោយទាន់តម្រូវការ ដោយសារតែតំបន់នេះ គ្មានប្រភពទឹក ប្រសិនបើមិនមានវិធានការជាបន្ទាន់ទេនោះ ប្រជាជនពិជាពិបាកជាក់ជាពុំខានឡើយ និងដើម្បីស្របតាមប្រសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចបានយកចិត្តទុកដាក់ចំពោះប្រជាជន កម្ពុជា ដែលនិងអាចទទួលផលប៉ះពាល់ ដោយសារតែគ្រោះរាំងស្ងួត ហេតុ នេះថ្នាក់ដឹកនាំនៅមូលដ្ឋាន ជាពិសេស ឯកឧត្តមគួច ចំរើន បានខិតខំ ស្វែងរកជំនួយ ពីអង្គការក្នុង រឺក្រៅរដ្ឋាភិបាលនានា ដើម្បីរិះរកមធ្យោបាយ ដោះស្រាយទឹកជូនពួកគាត់ ។ ជាក់ស្តែងនៅក្នុងពេលនេះផ្ទាល់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅអណ្តូង ទឹក ស្នប់ ចំនួន ៤០អណ្តូង ជូនបងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រៃឈរ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានពាំនាំប្រសាសន៍ សាកសួរសុខទុក្ខពីសំណាក់សម្តេច ទាំងពីរ ជូនដល់ប្រជាពលរដ្ឋនៅក្នុងឃុំត្រពាំងព្រះ ។ ឯឯកឧត្តមបានថ្លែងបន្ថែមពិនោះដែរ ក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ក្នុងការតាមដានមើលចំពោះអគ្គិសនីដែល បានប្រើប្រាស់ហើយត្រូវបិទអោយបានត្រឹមត្រូវបើពុំនោះទេ ដែលវាអាចទុស្សេ បង្កជាគ្រោះអគ្គិភ័យទៀតផង ដែលបណ្តាលឲ្យបាត់បង់ទ្រព្យសម្បត្តិរបស់យើង។
ជាមួយគ្នានោះអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការសហការចូលរួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញនៅក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ ធ្វើយ៉ាងណា កុំឲ្យមានករណីគ្រោះ អគ្គិភ័យ កើតឡើង ជាពិសេស នារដូវក្ដៅនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេល ចំពោះរាល់ដើមហេតុទាំងឡាយ ដែលអាចបង្កឲ្យកើតមានគ្រោះអគ្គិភ័យ ដូចជាភ្លើងចង្រ្កាន ភ្លើងចង្កៀង ភ្លើងទៀនធូប ភ្លើងដុតសំរាម ភ្លើងកម្ទេចបារី ចរន្តអគ្គិសនី ផ្ទាំងសូឡា ហ្គាស ឧស័្មន និងរាល់វត្ថុផ្សេងៗទៀត ដែលងាយឆេះ និងងាយផ្ទុះឆេះជាដើម។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋានគ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ជំនាញ ត្រូវយកចិត្តទុកដាក់ ត្រួតពិនិត្យជាប់ជាប្រចាំអំពីបញ្ហាទឹកប្រើប្រាស់ និងស្រោចស្រព ជូនប្រជាពលរដ្ឋ ដើម្បីធានាបាននូវការប្រើប្រាស់គ្រប់គ្រាន់ នារដូវប្រាំងនេះផងដែរ៕
ឯកឧត្តម គួច ចំរើន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ អណ្តូងទឹកស្នប់ ចំនួន ៤០ អណ្តូង ក្នុងស្រុកព្រៃឈរ
