ល្ងាចនេះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជួបសំណេះសំណាល និងពិសាបាយសាមគ្គីជាមួយអ្នកកីឡាជាង ៤ពាន់នាក់


(ភ្នំពេញ)៖ តាមការសន្យាជាមួយមហាគ្រួសារកីឡាកម្ពុជានៅល្ងាចថ្ងៃព្រហស្បិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងអញ្ជើញជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាមួយមហាគ្រួសារកីឡាកម្ពុជាលើកទី៤ នៅមជ្ឈមណ្ឌលកោះពេជ្រ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានឲ្យដឹងថា ដោយទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន, NOCC ក្រោមការដឹកនាំរបស់លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងលោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានត្រៀបចំគ្រួសារអ្នកកីឡាចំនួន ៤.០៩៦នាក់ ចូលរួមកម្មវិធីដ៏វិសេសវិសាលនេះ។

លោកបន្ដថា «សម្ដេចតេជោ យកថ្ងៃទី០៤ ខែមេសា ដែលចាត់ទុកជាថ្ងៃកំណើតរបស់សម្ដេច ដើម្បីផ្ដល់មហាកិត្តិយសដល់គ្រួសារកីឡាជាតិជាថ្មី ក្នុងការជួបជុំសំណេះសំណាល និងទទួលទានអាហារសាមគ្គីជាលើកទី៤ ហើយ NOCC និងក្រសួងអប់រំ បានត្រៀមលក្ខណៈសម្បត្តិរួចហើយ ដើម្បីរៀបចំកម្មវិធីដ៏មហាកិត្តិយសនេះឲ្យមានភាពអធិកអធម ពិសេសដើម្បីត្រៀមស្វាគមន៍វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចទាំងទ្វេ ដែលនឹងអញ្ជើញជាអធិបតីនាឱកាសនោះ»។

ថ្នាក់ដឹកនាំ មន្ដ្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ដែលត្រៀមចូលរួមកម្មវិធីដ៏មានអត្ថន័យឆ្នាំនេះ សរុបមានចំនួន ៤.០៩៦នាក់ កើនឡើងជាងឆ្នាំមុន មានត្រឹមជាង ៣.០០០នាក់។ ក្នុងនោះមានកីឡាករ-កីឡាការិនីជម្រើសជាតិ និងកីឡាជំនាញ ចម្រាញ់ចេញពីសហព័ន្ធកីឡាជាតិចំនួន៥៣ រួមទាំងមន្ដ្រីក្រសួងអប់រំ NOCC ប៉ារ៉ាឡាំពិក កីឡាខាងកងកម្លាំងប្រដាប់អាវុធ ហើយក៏មានការអញ្ជើញព្រឹទ្ធាចារ្យកីឡាជាច្រើនចូលរួមផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោក វ៉ាត់ ចំរើន។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបានអះអាងយ៉ាងដូច្នេះថា «កម្មវិធីនេះ ពិតជាមានអត្ថន័យណាស់ ដែលជាផ្នែកមួយ នៃចិត្តសាស្ដ្រកីឡាដើម្បីលើកទឹកចិត្ត កីឡាករ-កីឡាការិនី ក៏ដូចជាមន្ដ្រី និងគ្រូបង្វឹក។ តាមរយៈកម្មវិធីដ៏ស្និទ្ធស្នាល និងអធិកអធមរយៈពេល ៣ឆ្នាំមកហើយ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបង្ហាញការស្រលាញ់ដោយស្មោះស្ម័គ្រ ធ្វើឲ្យគ្រួសារកីឡាជាតិ ទុកចិត្ត និងគាំទ្រ ១០០% ចំពោះការដឹកនាំរបស់សម្ដេច និងរាជរដ្ឋាភិបាល។ ឆ្លើយតបចំពោះការផ្ដល់ភាពកក់ក្ដៅនេះ កីឡាករ-កីឡាការិនី បានខិតខំប្រកួតប្រជែងដណ្ដើមមេដាយជាច្រើនជូនជាតិ និងបង្ហាញពីការត្រៀមខ្លួន ដើម្បីធ្វើត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ផងដែរ» ។

គួរបញ្ជាក់ថា កម្មវិធីទទួលទានអាហារសាមគ្គី ជាមួយមហាគ្រួសារកីឡាកម្ពុជានេះ បានធ្វើឡើង៣ឆ្នាំរួចមកហើយ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចទាំងទ្វេ និងផ្ដល់នូវភាពកក់ក្ដៅ ដើម្បីលើកទឹកចិត្ត ក៏ដូចជាជំរុញការអភិវឌ្ឍវិស័យកីឡាជាតិឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងគោលដៅត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមនាឆ្នាំ២០២៣៕