ឯកឧត្តម សុខ ឥសាន ៖ បាតុកម្មនៅអាមេរិក បង្ហាញឲ្យឃើញពីប្រទេស លទ្ធិប្រជាធិបតេយ្យ មានលក្ខណៈខុស គ្នាយ៉ាងណា


អ្នកនាំពាក្សគណបក្ស ប្រជាជបកម្ពុជា (CPP) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា ការធ្វើបាតុកម្ម របស់ក្រុមមួយក្ដាប់តូច មិនពេញចិត្តលោក ដូណាល់ត្រាំ ដែលទើបជាប់ឆ្នោត ជាប្រធានាធិបតីថ្មីរបស់ សហរដ្ឋអាមេរិកនោះ គឺជាការឆ្លុះបង្ហាញឲ្យឃើញថា តើប្រទេសមហាប្រជាធិបតេយ្យ មានលក្ខណៈខុសប្លែកពីកម្ពុជា ឬបណ្ដាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យយ៉ាងណាខ្លះ ។
ឯកឧត្តម សុខ ឥសាន បានថ្លែងថា “ជាការបង្ហាញឲ្យឃើញថា តើនៅប្រទេសមហាប្រជាធិបតេយ្យ មានលក្ខណៈយ៉ាងណា តើវាមានការខុសប្លែកពីកម្ពុជា ឬបណ្ដាប្រទេសនានា លើពិភពលោកដែរ ឬទេ?” ។
ឯកឧត្តមបន្តថា  គ្រប់គ្នាដឹងហើយថា លោក ដូណាល់ត្រាំ ទោះបីគាត់មិនទាន់ចូលកាន់តំណែងក៏ពិតមែន ប៉ុន្តែគាត់ជាប្រធានាធិបតីស្របច្បាប់ ដែលកើតចេញពីឆន្ទៈរបស់ប្រជាពលរដ្ឋ ភាគច្រើនលើសលប់ ហើយអ្នកភាគតិចមួយចំនួន ដែលជ្រុលនិយម ធ្វើបាតុកម្មប្រឆាំងនឹងឆន្ទៈអ្នកភាគច្រើន គឺមិនអាចទៅរួចទេ ។
ឯកឧត្តមថា កាលណាធ្វើល្មើសច្បាប់ហើយ គឺត្រូវទទួលរងការបង្ក្រាប ពីអាជ្ញាធរ ដែលជាតំណាងឲ្យអំណាចប្រជាពលរដ្ឋ ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា ចំពោះការធ្វើបាតុកម្មនៅអាមេរិក មិនមានអ្វីខុសប្លែកពីកម្ពុជានោះទេ ឲ្យតែធ្វើបាតុកម្មគឺខុសហើយ ហើយបើធ្វើបាតុកម្មប៉ះពាល់ដល់ជីវភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ  ដូច្នេះអាជ្ញាធរមានវិធានការបង្ក្រាប ។ ឯកឧត្តម អះអាងថា  អាមេរិកជាប្រទេសមហាអំណាច ខាងលទ្ធិប្រជាធិបតេយ្យ តើអាមេរិកធ្វើការបង្ក្រាបបាតុករឬអត់? នេះជាគំរូទៅដល់ មេបក្សប្រឆាំង ឲ្យភ្លឺភ្នែក កុំចេះតែស្រែកឈ្នះហើយៗ ទៅមិនរួចទេ ។
ឯកឧត្តម សុខ ឥសាន បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ជាពិសេសប្រជាពលរដ្ឋ ដែលគាំទ្រ និងដើរតាមបក្សប្រឆាំង មិនត្រូវងប់ងល់ ទាំងមិនមានការពិចារណា ធ្វើតាមអ្វីដែលជាការញុះញង់ ដើម្បីគ្រាន់តែបម្រើផលប្រយោជន៍ ឯកជនរបស់គេនោះទេ ៕