ខេត្តកំពង់ឆ្នាំងប្រារព្ធទិវាសប្តាហ៍ជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោកលើកទី១២


កំពង់ឆ្នាំងៈ ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្តកំពង់ឆ្នាំងបានថ្លែងថាៈការបា្ររព្ធទិវាសប្តាហ៍ជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោកលើទី១២នៅពេលនេះគឺជាការវាយជួងជាថ្មីទៀតរបស់រាជរដ្ឋាភិបាលកម្ពុជាអោយលាន់សូររំពងសព្វទិសទី រួមជាមួយការផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដើម្បីដាស់តឿនអ្នកប្រើប្រាស់ផ្លូវទាំងអស់ អោយខិតខំផ្លាស់ប្ដូរឥរិយាបថដែលមិនគោរពច្បាប់ពីមុនអោយមកប្រកាន់យកការគោរពច្បាប់ចរាចរណ៍ រួមគ្នាទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាពិសេសនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីកាត់បន្ថយទុក្ខសោកនិងភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមឈួរ ច័ន្ទឌឿន បានថ្លែងបែបនេះ នៅក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ដែលបានធ្វើឡើងនារសៀលថ្ងៃទី៤ខែមេសាឆ្នាំ២០១៩នៅតារាងបាល់ទាត់មុខសាលាខេត្តកំពង់ឆ្នាំងដែលមានមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុជ និងប្រជាពលរដ្ឋចូលរួមប្រមាណជាង៦៤៨នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមអនុវត្តឲ្យបាននូវអនុសាសន៍របស់សម្ដេច ហ៊ុន សែន ថ្ងៃនេះ និងថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយត្រូវតែពាក់មួកសុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមម៉ូតូនិងត្រូវដាក់ខ្សែក្រវ៉ាត់សុវត្តិភាពពេលជិះរថយន្ត។ មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿង
ស្រវឹង ត្រូវគោរពសិទ្ធិអាទិភាពគោរពសញ្ញាចរាចរណ៍ មិនត្រូវបើកបរក្នុងស្ថានភាពងងុយគេងឡើយ និងត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ ទើបអាចកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។ តាមការអំពាវនាវ របស់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមក៏បានសំណូមពរ ដល់អ្នករត់តាក់ស៊ី និងក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរទាំងអស់សូមកុំតំឡើងថ្លៃក្នុងពេលបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ។

ឯកឧត្តម កែវ ពៅ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តនិងជាប្រធានលេខាធិការដ្ឋាន សុវត្តិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ឆ្នាំងបានរាយការណ៍ឲ្យដឹងថាៈ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តកើតឡើងនៅក្នុងឆ្នាំ២០១៨ចំនួន១១៣លើកកើនឡើងចំនួន៣៥លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ចំនួន៧៨លើក ។ បណ្តាលអោយរបួសចំនួន១៦៥នាក់ ប្រៀបធៀបឆ្នាំ២០១៧ ចំនួន១៧៩នាក់ ថយចុះ១៤នាក់ និងបណ្តាលអោយស្លាប់៤៤នាក់ ប្រៀបធៀបឆ្នាំ២០១៧ ចំនួន៣៣នាក់ កើនឡើង១១នាក់់។

ឯកឧត្តម កែវ ពៅ បានបញ្ជាកទៀត់ថាៈគ្រោះថ្នាក់បណ្តាលមកពីកត្តា៣សំខាន់ៗគឺៈ១.កត្តាមនុស្សមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ បើកបរធ្វេសប្រហែស បើកបរពេលមានជាតិស្រវឹង មិនពាក់មួកសុវត្តិភាព និងមិនពាក់ខ្រែក្រវ៉ាត់ជាដើម។ ២ .កត្តាយានជំនិះ អ្នកប្រើប្រាស់យានជំនិះមិនត្រួតពិនិត្យលក្ខណៈបច្ចេកទេស ដូចជាហ្វ្រាំងមិនស៊ីន កង់ចាស់ភ្លើងមិនភ្លឺ ស៊ីផ្លេមិនឮជាដើម។ ៣.កត្តាផ្លូវៈ ផ្លូវគ្រលុក ផ្លូវកោងខ្លាំង ផ្លូវធំតែស្ពានតូចចង្អៀត និងលើផ្លូវមិនទាន់បានបំពាក់ផ្លាកសញ្ញាចរាចរណ៍។នៅក្នុងពិធីនេះដែរ អនុគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍

ផ្លូវគោកខេត្តកំពង់ឆ្នាំងបាន ចែកមួកសុវត្ថិភាពចំនួន៣៣០មួក ដល់សមាជិកសនាជិកាចូលរួមផងដែរ៕