សម្តេចតេជោ ហ៊ុន សែន៖ ប្រាក់រៀលឡើងថ្លៃពេក ក៏មិនល្អដែរសម្រាប់កម្មករជាង១លាននាក់ ដែលមានប្រាក់បៀវត្សជាប្រាក់ដុល្លារ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យធនាគារជាតិ ចេញអន្តរាគមន៍ឲ្យបានទាន់ពេលវេលា ចំពោះការកើនឡើងនៃតម្លៃប្រាក់រៀល ព្រោះថានៅពេលប្រាក់រៀលឡើងថ្លៃពេក ក៏មានជាការល្អដែរ ដោយកម្មករជាង១លាននាក់ ទទួលបានប្រាក់បៀវត្សជាប្រាក់ដុល្លារ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យ ដំណើរការជាផ្លូវការ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ «ព្រះស្រីឦសានវរ្ម័ន» ដែលជាសារមន្ទីរបង្ហាញអំពីសាវតាសេដ្ឋកិច្ច និងរូបិយវត្ថុរបស់ខ្មែរ តាំងពីសម័យកាលហ្វូណន នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ប្រាក់រៀលឡើងថ្លៃខ្លាំងពេកក៏លំបាក ព្រោះក្នុងចំណោមកម្មករ របស់យើងអ្នកធ្វើការរបស់យើង មានប្រមាណជា១លាននាក់ ដែលប្រើប្រាស់រូបិយបណ្ណបរទេស ទទួលប្រាក់បៀវត្សជាដុល្លារ។ ចំណុចនេះដែលធនាគារត្រូវធ្វើសកម្មភាព ពេលប្រាក់រៀលឡើងថ្លៃ យើងបញ្ចេញប្រាក់រៀល ដើម្បីទិញយកប្រាក់ដុល្លារចូល នៅពេលប្រាក់រៀលចុះថោក យើងបញ្ចេញប្រាក់ដុល្លារដើម្បីទិញយកប្រាក់រៀលយកមកទុកវិញ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា ជារៀងរាល់ឆ្នាំនៅក្នុងខែមីនា និងខែមេសា មុនចូលឆ្នាំខ្មែរ ប្រាក់រៀលតែងតែឡើងថ្លៃជានិច្ច មានតែ១ខែទេ គឺខែសីហា ឬខែកញ្ញាទេ ដែលសម្តេចគត់សម្គាល់ថា ប្រាក់រៀលតែងតែធ្លាក់ថ្លៃ។

សម្តេចតេជោបានថ្លែងថា ការដែលធានាគារមិនដើរតួនាទីជាអ្នកកាត់ក្តីលើអត្រាប្តូរប្រាក់ ដោយទុកឱ្យឯកជនជាអ្នកកាត់ក្តីនោះ គឺជារឿងល្អប្រសើរមួយ ហើយក៏មិនធ្វើឱ្យប៉ះពាល់ដល់ អ្នកវិនិយោគផងដែរ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងយ៉ាងដូច្នេះថា «យើងមិនបានដើរតួនាទីជាអ្នកកំណត់អត្រាប្តូរប្រាក់ទេ ទុកឲ្យទីផ្សារកាត់សេចក្តី ដែលជាការទាក់ទាញវិនិយោគ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ប្រាក់រៀលត្រូវបានបោះផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៨០ ដែលរហូតមកដល់ពេលនេះមានអាយុ៣៩ឆ្នាំហើយ បើផ្លាស់ប្តូរពីទម្រង់មួយមកទម្រង់ មួយក្តី រហូតមកដល់បច្ចុប្បន្ននេះកំពុងមានវត្តមាន ដើម្បីបើកប្រាក់បៀវត្សជូនមន្ត្រីរាជការកម្លាំងប្រដាប់អាវុធ។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ប្រាក់រៀលរបស់កម្ពុជានៅតែមានតួនាទីយ៉ាងសំខាន់ ប៉ុន្តែមិនអាចបញ្ចប់វត្តមានប្រាក់ដុល្លារទេនៅពេលនេះ គឺចាំបាច់ធ្វើដោយសន្សឹមៗ៕