រដ្ឋបាលខេត្តបន្ទាយមានជ័យ និងមន្ទីរពាក់ព័ន្ធ ចុះសួរសុខទុក្ខ នាំអំណោយ ចែកជូនយោធាផ្នែកសឹករងម៉ាឡៃ និងក្រុងប៉ោយប៉ែត


(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តម អ៊ុ រាត្រី និងឯកឧត្តម អោម ចន្ថា ជាអភិបាលរងខេត្តបន្ទាយមានជ័យ និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត បានចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនយោធាផ្នែកសឹករងម៉ាឡៃ ទីបញ្ជាការកងអនុសេនាធំទី១ ដែលឈរជើងស្ថិតនៅភូមិបន្ទាយទី២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងចូលមកដល់នាពេលខាងមុខនេះ។

ក្នុងការចុះសួរសុខទុក្ខនោះដែរឯកឧត្តមអភិបាលរងខេត្តទាំង២រូប គឺឯកឧត្តម អ៊ុំ រាត្រី និងឯកឧត្តម អោម ចន្ថា បានពាំនាំនូវការផ្តាំផ្ញើសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងឱកាសបុណ្យចូលឆ្នាំជិតចូលមកដល់ និងជូនចំពោះកងកម្លាំងការពារព្រំដែនដោយក្តីនឹករលឹកបំផុតផងដែរ។

ឯកឧត្តមអភិបាលរងខេត្តទាំង២ បានបញ្ជាក់ឲ្យដឹងទៀតថា ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងល្អរវាងអ្នកនៅជួរមុខ និងអ្នកនៅជួរក្រោយ ក្នុងស្មារតីសាមគ្គីភាព និងការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រែងរបស់កងកម្លាំងដែលឈរជើងនៅជួរមុខ និងសូមសម្តែងនៅការកោតសរសើរចំពោះកងកម្លាំងយោធាផ្នែកសឹករងម៉ាឡៃ ទីបញ្ជាការកងអនុសេនាធំទី១ និងយោធាផ្នែកសឹករងក្រុងប៉ោយប៉ែត ដែលបានខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវគ្រប់ឧបសគ្គ ក្នុងកិច្ចការរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងទំនាក់ទំនងល្អជាមួយបណ្តាសមត្ថកិច្ច នៃប្រទេសជិតខាង ធ្វើឲ្យសណ្តាប់ធ្នាប់នៅតាមព្រំដែន មានភាពល្អប្រសើរ ធានាបាននូវសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើផងដែរថា កងកម្លាំងយោធាទាំងអស់នូវចំណុចសំខាន់ៗមួយចំនួន ដូចជាក្នុងនាមកងកម្លាំងប្រដាប់អាវុធក្រៅពីបំពេញកាតព្វកិច្ចការពារជាតិមាតុភូមិ និងសន្តិសុខសង្គម សូមបងប្អូនកងកម្លាំងត្រូវចូលរួមថែរក្សាការពារនូវសន្តិភាព ការពាររដ្ឋធម្មនុញ្ញ និងរដ្ឋាភិបាលស្របច្បាប់។

ឯកឧត្តមបន្តថា ត្រូវយកចិត្តទុកដាក់ថែរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព និងសន្តិសុខល្អនៅតាមព្រំដែនត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃរវាងកងកម្លាំងទាំងអស់ទាំង នគរបាល និងយោធារ គោរពវិន័យ បទបញ្ជាផ្ទៃក្នុងឲ្យបានម៉ឺងម៉ាត់ ត្រូវបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរ និងសមត្ថកិច្ចប្រទេសជិតខាង ត្រូវទប់ស្កាត់រាល់បទល្មើសឆ្លងដែនផ្សេងៗ ដូចជាបទល្មើសគ្រឿងញៀន និងការលួចនាំចូលជ្រូកពីប្រទេសជិតខាងចូលមកកម្ពុជាជាដើម។

ក្នុងការចុះសួរសុខទុក្ខមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងចូលមកដល់នាពេលខាងមុខនេះ ឯកឧត្តម អោម ចន្ថា រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធបាននាំមកនូវ អំណោយទៅចែកជូនយោធាផ្នែកសឹករងម៉ាឡៃ ទីបញ្ជាការកងអនុសេនាធំទី១ ដែលក្នុងនោះរួមមាន៖ ទឹកក្រូច, ស្រាបៀ, ត្រីខ,ទឹកសុទ្ធ, ទឹកស៊ីអ៊ីវ, ទឹកត្រី, ស្កសរ, នំធុង, ប៊ីចេង, ខ្ទឹមសរ និងថវិការមួយចំនួនផងដែរ៕