សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០១៩។

របាយការណ៍បានបង្ហាញថា ប្រតិបត្តិការត្រួតពិនិត្យអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ ទទួលលទ្ធផលដូចខាងក្រោម៖

*បានត្រួតពិនិត្យយានយន្តសរុប ចំនួន៣៧៧,១៥០គ្រឿង ក្នុងនោះម៉ូតូចំនួន៥៩%
*បានរកឃើញយានយន្តល្មើស ចំនួន៦៤,៦២១គ្រឿង ស្មើ១៧%
*បានធ្វើការអប់រំ ចំនួន២២, ៤០១គ្រឿង ស្មើ៣៥%
*បានធ្វើការពិន័យ ចំនួន៤២,២២០គ្រឿង ស្មើ៦៥%

អនុវត្តការបង់ប្រាក់ពិន័យតាមស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក ដែលបានកំណត់ទទួលបានប្រាក់ពិន័យ ចំនួន១,០៤០,៧០៥,០០០រៀល។

ដោយឡែក ការត្រួតពិនិត្យល្បឿនបានដំណើរការយ៉ាងសកម្មរកឃើញរថយន្តបើកបរល្មើសល្បឿន ចំនួន២,៥៨៩ គ្រឿង ចាត់ការតាមច្បាប់។

ការត្រួតពិនិត្យជាតិស្រវឹងបាន ចំនួន៥,៦៩៣គ្រឿង ក្នុងនោះរថយន្តចំនួន២,៥០៧គ្រឿង និងម៉ូតូចំនួន៣,១៨៦គ្រឿង រកឃើញអ្នកបើកបរស្រវឹង សរុប២៩៣នាក់ ស្មើ៥% (អ្នកបើកបរម៉ូតូចំនួន៩២នាក់) ចាត់ការតាមច្បាប់។ ការត្រួតពិនិត្យមួក និងកញ្ចក់លើម៉ូតូ សរុបចំនួន២០៤,៣៥៤គ្រឿង បានពិន័យករណីមិនពាក់មួក ចំនួន៩៤,៧៩២គ្រឿង និងមិនបំពាក់កញ្ចក់មើលក្រោយ ចំនួន៧,៧១៩គ្រឿង៕