អគ្គលេខាធិការរង UN មកបំពេញទស្សនកិច្ច៣ថ្ងៃនៅកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាល


ឯកឧត្តម លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក (គណៈកម្មាធិការជាតិអេស្កាប់) និងជាអនុប្រធានទី១ អាជ្ញាធរមីន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រុមការងារជាច្រើននាក់ បានអញ្ជើញទទួល បដិសណ្ឋារកិច្ច គណៈប្រតិភូជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ ដែលដឹកនាំដោយលោកស្រី Armida Salsiah Alisjahbana អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UNESCAP) នៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

លោកស្រី Armida Salsiah Alisjahbana រួមជាមួយគណប្រតិភូជាន់ខ្ពស់ អង្គការសហ ប្រជាជាតិផ្សេងទៀត នឹងអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់ រវាងកម្ពុជាជាមួយនឹង UNESCAP ព្រមទាំងពិភាក្សាអំពីការងារទូទៅរបស់ UNESCAP រួមទាំងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពផងដែរ។

ក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី នឹងចូលជួបសវនាការ និងសំដែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នមួយចំនួនផងដែរ ដែលរួមមានទាំង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀត។ ក្រៅពីនេះ លោកស្រីអគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាប្រធាន UNESCAP ក៏នឹងជួបប្រជុំការងារជាមួយនឹង មន្រ្តីស្ថាប័នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងអញ្ជើញទស្សនកិច្ចសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងផងដែរ។

តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូកន្លងមក UNESCAP បានកោតសរសើរចំពោះកម្ពុជាថា កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា គឺជាករណីជោគជ័យសំខាន់មួយ របស់ប្រទេសដែលធ្លាប់ត្រូវបានញាំញីដោយសង្រ្គាម ហើយសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មី គួរជាទីមោទនៈ។

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចលឿនបំផុតក្នុងពិភពលោក ដែលថ្មីៗនេះបានឆ្លងផុតដោយជោគជ័យ ពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតទាប ដោយសារកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ គឺក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំៗក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក ដែលកំណើននេះ បានជួយឲ្យមនុស្សរាប់លាននាក់អាចចាកចេញពីភាពក្រីក្រ និងបានផ្តល់នូវកាលានុវត្តភាពដ៏មានតម្លៃ សម្រាប់ការអភិវឌ្ឍនានា៕