នៅវិមានរដ្ឋសភា នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានអនុញាតឱ្យគណៈប្រតិភូខេត្តស៊ីឈួន ដឹកនាំដោយ ឯកឧត្តម ជុង មាន (Zhong Mian) អនុប្រធានសភាប្រឹក្សានយោបាយ ខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងធ្វើសវនាការ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍ថាក្នុងនាម សម្តេចអគ្គមហាពញា ចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយជាទីបំផុតចំពោះគណៈប្រតិភូខេត្តស៊ីឈួន ដែលបានមកបំពេញទស្សនកិច្ចផ្លូវការ នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។ ឯកឧត្តមបណ្ឌិត បានបន្ថែមទៀតថា ប្រទេសកម្ពុជា និងប្រទេសចិន មានទំនាក់ទំនងល្អប្រសើរ រឹងមាំ និងស្អិតរមួតជាយូរលង់ណាស់មកហើយ ។ នៅក្នុងពេលនេះ ក្រោមកិច្ចប្រឹងប្រែងរួមនៃប្រទេសទាំងពីរ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន កាន់តែមានភាពល្អប្រសើរជាងពេលណាៗទាំងអស់ ។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ ២០១០ កិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន ត្រូវបានតំឡើងទៅជា “កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ” ហើយកម្ពុជាប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែ មួយ ។
ឯកឧត្តម ជុង មាន បានមានប្រសាសន៍សម្តែងនូវក្តីសោមនស្សរីករាយ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ដ៏ស្រស់ស្អាត ថ្លែងអំណរគុណ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ដែលបានអនុញាត ឱ្យឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម សវនការ ការងារ និងបានសម្តែងនូវភាពរីករាយជាមួយប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានជីវភាពកាន់តែប្រសើរឡើង ។
ឯកឧត្តម ជុង មាន បានមានប្រសាសន៍លើកឡើងទៀតថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងកម្ពុជា-ចិន គឺកាន់តែស្អិតរមួត ហើយឯកឧត្តម ក៏បានមានប្រសាសន៍អំពីស្ថានភាពភូមិសាស្ត្រ និងភាពរីកចម្រើនរបស់ខេត្តស៊ីឈួន ដែលអនុវត្តតាមគោលនយោបាយរបស់ចិន គឺផ្លូវ១ ខែ្សក្រវ៉ាត់មួយ ពិសេសកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រកម្ពុជា គឺមានទំហ៊ំទឹកប្រាក់ជាង ២០០០លានដុល្លារ និងមានក្រុមហ៊ុនចំនួន៩ ដែលបានចុះបញ្ជីរួចរាល់ ។
ឯកឧត្តម ជុង មាន បានមានប្រសាសន៍ពីគោលបំណងដំណើរទស្សនកិច្ចរបស់ ឯកឧត្តម និងគណៈប្រតិភូខេត្តស៊ីឈួន មកព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីស្វែងយល់ពីកិច្ច សហប្រតិបត្តិការ ទាក់ទងការវិនិយោគលើវិស័យកសិកម្ម ទេសចរណ៍ វប្បធម៌ ការអប់រំ និងវិស័យផ្សេងៗទៀត ព្រមទាំងកិច្ចសហប្រតិបត្តិការរវាងសភាប្រជាជនចិន និងសភាកម្ពុជា ។
មានប្រសាសន៍តបវិញ ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានសម្តែងនូវមោទនៈភាពចំពោះ ការរីកចម្រើនរបស់ខេត្តស៊ីឈួន និងគាំទ្រចំពោះលទ្ធផលដែលគណៈប្រតិភូ បានធ្វើការងារជា មួយសភាកម្ពុជា រាជរដ្ឋាភិបាល និងរាជធានីភ្នំពេញ ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអញ្ជើញមានប្រសាសន៍បន្ថែមទៀតថា រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៦នេះ កើតចេញពីការបោះឆ្នោតសកល កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កន្លងទៅនេះ ដែលមានសមាជិកសរុបចំនួន ១២៥រូប ហើយនាពេលខាង មុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អណត្តិទី៣ ដែលជាការបោះ ឆ្នោតអសកល ហើយអង្គបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងតំណែង ។
ចំពោះទំនាក់ទំនងរវាងសភាកម្ពុជា និងសភាតំណាងប្រជាជនចិន ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានមានប្រសាសន៍បញ្ជាក់ជូនថា គឺបានសហការគ្នាយ៉ាងល្អ ទាំងក្នុងក្របខ័ណ្ឌពហុភាគី និងក្របខ័ណ្ឌទេ្វភាគី គឺរដ្ឋសភាកម្ពុជា បានបង្កើតក្រុមមិត្តភាពសភាកម្ពុជា-សភាប្រជាជន ចិន ដែលមាន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ជាប្រធាន ហើយថ្នាក់ដឹកនាំនៃសភាប្រទេសទាំងពីរ បានផ្លាស់ប្តូរដំណើរទស្សនកិច្ចជាច្រើនលើកជាបន្តបន្ទាប់ ។
ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍សំណូមពរដល់ ឯកឧត្តមប្រធានគណៈប្រតិភូ និងសហការី សូមជួយផ្សព្វផ្សាយលើកទឹកចិត្តប្រជាជនចិន ដើម្បីមកបណ្តាក់ទុនវិនិយោគ និងធ្វើ ទេសចរណ៍កំសាន្តនៅកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត ព្រោះថាបច្ចុប្បន្នប្រទេសកម្ពុជា មានសុខសន្តិភាពពេញផ្ទៃប្រទេស ហើយតាមរយៈឯកឧត្តមប្រធានគណៈប្រតិភូ ខ្ញុំ សូមផ្តាំផ្ញើ សួរសុខទុក្ខ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីន ឯកឧត្តម លី ខឺឈាន នាយករដ្ឋមន្ត្រី និង ឯកឧត្តម លី ចាងស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងសូមជូនពរថ្នាក់ដឹកនាំចិនទាំងអស់ មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មដឹកនាំមហាប្រទេសចិន ។
ឯកឧត្តមបណ្ឌិត ងួន ញ៉ិល បានអនុញាតឱ្យឯកឧត្តម ជុង មាន អនុប្រធានសភាប្រឹក្សានយោបាយ ខេត្តស៊ីឈួន នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម និងធ្វើសវនាការ
