គណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា មានសិទ្ធិឃោសនារកសំឡេងឆ្នោតតែ៨ថ្ងៃ ប៉ុណ្ណោះ


(ភ្នំពេញ)៖ គណបក្សនយោបាយ ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាទាំងអស់ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត តែរយៈពេល៨ថ្ងៃប៉ុណ្ណោះ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ។

បើតាម លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប ដែលថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការឃោសនាបោះឆ្នោត ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផលនៃការបោះឆ្នោត នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ គឺការឃោសនាបោះឆ្នោតត្រូវធ្វើឡើងតាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយបានចុះបញ្ជីឈរឈ្មោះ។

ការឃោសនាបោះឆ្នោតនេះ គឺធ្វើឡើងចាប់ផ្តើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ពីម៉ោង៦៖០០ព្រឹក ដល់ម៉ោង១០៖០០យប់។ ការឃោសនាដោយឧបករណ៍បំពងសំឡេង ត្រូវហាមឃាត់នៅចន្លោះពីម៉ោង ១២៖០០ថ្ងៃត្រង់ដល់ម៉ោង ២៖០០រសៀល ហើយក៏ហាមឃាត់ការឃោសនាបោះឆ្នោតនៅក្បែរមន្ទីរពេទ្យ និងសាលារៀន ឬគ្រឹះស្ថានសិក្សានានា ក្នុងពេលម៉ោងសិស្សកំពុងសិក្សា។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។

ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗត្រូវកំណត់២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

សម្រាប់ការបោះឆ្នោត និងការរាប់សន្លឹកឆ្នោត លោក ម៉ុក ដារ៉ា បានពន្យល់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា គឺជាការបោះឆ្នោតអសកល ដែលសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងមុខតំណែងជាអ្នកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

ការបោះឆ្នោតនេះ មានភាពខុសប្លែកពីការបោះឆ្នោតកន្លងមក ដោយអ្នកបោះឆ្នោតម្នាក់ៗត្រូវបោះឆ្នោតពីរសន្លឹក ដើម្បីជ្រើសរើសក្រុមប្រឹក្សាពីរ ប្រភេទផ្សេងគ្នា និងមានហិបឆ្នោតចំនួនពីរ ៖

* សន្លឹកឆ្នោតប្រភេទទី១ ដែលមានពណ៌លឿង ប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់ដាក់ក្នុងហិបឆ្នោតមួយ។

* សន្លឹកឆ្នោតប្រភេទទី២ ដែលមានពណ៌ស ប្រើសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត សម្រាប់ដាក់ក្នុងហិបឆ្នោត មួយផ្សេងទៀត។

ចំពោះការរាប់សន្លឹកឆ្នោត ត្រូវធ្វើឡើងដោយផ្ទាល់នៅការិយាល័យបោះឆ្នោតនីមួយៗបន្ទាប់ពីបិទ ការបោះឆ្នោត។ ការរាប់សន្លឹកឆ្នោតត្រូវ ធ្វើដោយឡែកពីគ្នាតាមប្រភេទក្រុមប្រឹក្សានីមួយៗ ដោយចាប់ផ្តើម ពីការរាប់សន្លឹកឆ្នោត ដែលបានបោះជ្រើសរើសក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌជាមុន ហើយសន្លឹកឆ្នោតក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ត្រូវបានរាប់ជាក្រោយ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ មានគណបក្សនយោបាយចំនួន៧ ចូលរួមប្រកួតប្រជែងគ្នា៕

ខាងក្រោមនេះ ជាសេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប៖