ភ្នំពេញ៖ សិក្ខាសាលាស្ដីពីការវិវត្តវិស័យអប់រំក្នុងបរិបទឌីជីថលក្នុងក្របខណ្ឌសកល និងកម្ពុជា ត្រូវបានរៀបចំឡើងដើម្បីបង្កឱកាសដល់អង្គភាពពាក់ព័ន្ធទាំងឡាយក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗ ទស្សនទានថ្មីៗ និងការពិភាក្សាដើម្បីស្វែងរកនូវគន្លឹះថ្មីៗ បង្កើនការយកចិត្តទុកដាក់ទ្វេដង ក្នុងការអភិវឌ្ឍសមត្ថភាព និងចំណេះដឹងដែលអាចឆ្លើយតបទៅនឹងបរិបទសង្គមនាពេលបច្ចុប្បន្ន និងទៅអនាគត ផ្សារភ្ជាប់នឹងនិន្នាការសកលនៃយុគសម័យឌីជីថល។
កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភា នាថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ នៅវិមានរដ្ឋសភា ព្រមទាំងវត្ថមានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ។ ក្នុងឱកាសនោះឯកឧត្ដមបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះការផ្ដួចផ្ដើមគំនិតរៀបចំឱ្យមានអង្គសិក្ខាសាលានេះឡើង។ ឯកឧត្ដមបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ ក្រសួងអប់រំ យុវជន និងកីឡា ដែលតែងតែសហការគ្នាល្អជាមួយគណៈកម្មការទី៧ រដ្ឋសភា នាពេលកន្លងមក សំដៅរួមគ្នាដើម្បីបង្កើនការអភិវឌ្ឍវិស័យអប់រំ នៅកម្ពុជា៕