ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិត NUM ជាងពីរពាន់នាក់ នៅកោះពេជ្រ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីប្រគល់ សញ្ញាបត្រដល់ និស្សិតសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ប្រមាណ២២៨៧នាក់ បន្ទាប់ពីបានបញ្ចប់ការសិក្សាដោយជោគជ័យ។ និស្សិតជយលាភី ២២៨៧នាក់នេះ មាននិស្សិតជានារី ១,១៩៤នាក់។ កម្មវិធីនេះធ្វើឡើងនៅមជ្ឍមណ្ឌល និងពិពណ៌ក្រោះពេជ្រ។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* ជាកិច្ចផ្តើមសុន្ទរកថានៅព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីព្រឹត្តិការណ៍នៃកាច់បេតុងតភ្ជាប់ស្ពានឆ្លងព្រំដែនកម្ពុជា-ថៃ ការបើកការដ្ឋានសាងសង់អគាររដ្ឋបាលច្រក និងការតភ្ជាប់ផ្លូវដែករវាងប្រទេសទាំងពីរផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកព្រឹត្តិការណ៍នោះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សាកលវិទ្យាល័យជាតិគ្រប់គ្រងជាសាកលវិទ្យាល័យមួយ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអប់រំក្រោយប្រទេសរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុលពត។ ថ្នាក់ដឹកនាំប្រទេសជាច្រើន ក៏បានទទួលការបណ្តុះបណ្តាលចេញពីសាកលវិទ្យាល័យនេះផងដែរ ដូចជាអតីតរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍លោក សូ ឃុន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនៅតែមានមោទនភាពចំពោះគោលនយោបាយអប់រំដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ក្នុងនោះរឿងមួយដែលជាចាត់ទុកជាចំណុចពិសេសដែលប្រទេសមួយចំនួនមិនហ៊ានធ្វើ គឺការអនុញ្ញាតឱ្យសាកលវិទ្យាល័យរបស់រដ្ឋបណ្តុះបណ្តាលនិស្សិតដោយការគិតថ្លៃ។

* សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សាកលវិទ្យាល័យរដ្ឋដែលបណ្តុះបណ្តាលនិស្សិតដោយគិតថ្លៃមានលទ្ធភាពអភិវឌ្ឍន៍ និងកសាងសាលាដោយខ្លួនឯង ដោយមិនចាំបាច់ថវិការបស់រដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិនិយោគលើវិស័យអប់រំនៅកម្ពុជាមិនមែនមានតែខ្មែរទេ តែក៏មានជនបរទេសផងដែរ។ សម្តេចតេជោ បន្ថែមថា ត្រូវប្រឹងប្រែងរួមគ្នាធ្វើយ៉ាងណាឱ្យកូនខ្មែរទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ចំនួននិស្សិតជានារីកាន់តែថយចុះពេលឈានចូលការសិក្សាកម្រិតខ្ពស់។ ជាពិសេសពេលចូលដល់ថ្នាក់បណ្ឌិត គឺមិនសូវមាននារីសិក្សាទៀតនោះទេ ដោយសារតែបញ្ហាគ្រួសារ និងកត្តាផ្សេងៗទៀត។

* សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រសួងកិច្ចការនារី និងក្រសួងពាក់ព័ន្ធរួមគ្នាធ្វើឱ្យនារីទទួលបានការសិក្សាបានកាន់តែខ្ពស់។ ជាពិសេសលើកទឹកចិត្តដល់ស្វាមីផ្តល់ឱកាសឱ្យភរិយារៀនបានខ្ពស់ ឪពុកម្តាយផ្តល់ឱកាសឱ្យកូនស្រីរៀនបានកាន់តែខ្ពស់។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអបអរសាទរ និងរីករាយជាមួយក្រុមគ្រួសារ ជាមួយស្វាមី ភារិយា ដែលមានកូន ភរិយា និងស្វាមី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់អាជ្ញាធរថ្នាក់ក្រោមជាតិ និងតាមក្រសួងស្ថាប័ននានា រួមទាំងកងកម្លាំងប្រដាប់អាវុធ ដែលបានរួមគ្នាធ្វើឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានកត់សម្គាល់ថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ទោះបីមានអាកាសធាតុក្តៅ និងខ្វះថាមពលអគ្គិសនីខ្លះយ៉ាងណាក្តី តែប្រជាពលរដ្ឋខ្មែរនៅតែសប្បាយរីករាយ

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ភាពសប្បាយរីករាយនេះ ដោយសារការរៀបចំឱ្យមានព្រឹត្តិការណ៍សង្ក្រាន្តនៅគ្រប់រាជធានី-ខេត្ត។

* សម្តេចតេជោ ហ៊ុន សែន បានលើកជាយោបល់ឱ្យមានការពង្រឹងផ្សព្វផ្សាយល្បែងរបាំ វប្បធម៌ និងប្រពៃណីខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាពិសេសតាមតំបន់លេងកម្សាន្ត និងតំបន់ទេសចរណ៍។

* សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា កត្តាដែលនាំឱ្យប្រជាពលរដ្ឋបានលេងកម្សាន្តសប្បាយរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គឺត្រូវពឹងផ្អែកលើកត្តាសំខាន់ៗមួយចំនួនរួមមាន៖ សុខសន្តិភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងកត្តាជីវភាព។

* សម្តេចតេជោ បានគូសបញ្ជាក់ថា បើប្រទេសគ្មានសុខសន្តិភាពទេ កុំនិយាយដល់ការលេងកម្សាន្តសប្បាយក្នុងពេលបុណ្យចូលឆ្នាំ មានតែនិយាយដល់ការលូនក្រាប។

* សម្តេចតេជោ បន្ថែមទៀតថា បើមានតែសុខសន្តិភាព ក៏មិនអាចគ្រប់គ្រាន់នោះដែរ បើគ្មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទេនោះ។ សម្តេចតេជោបន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នេះ គឺសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរទៅកម្សាន្តនៅតាមខេត្ត និងតំបន់ទេសចរណ៍នានា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សាលារាជធានីភ្នំពេញ ដែលបានបញ្ចេញរថយន្តក្រុងសាធារណៈដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងក្នុងអត្រាចំណូលពន្ធគយខ្ទង់ជាង ២០០លានដុល្លារ គឺពន្ធលើមធ្យោបាយដឹកជញ្ជូនរថយន្ត និងម៉ូតូគ្របដណ្តប់ ៣០ភាគរយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពលរដ្ឋខ្មែរជាង១លាននាក់ បានទៅលេងនៅប្រទេសថៃ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងថៃ និងកម្ពុជា ធំជាង ទំហំពាណិជ្ជកម្មថៃ និងមីយ៉ាន់ម៉ា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងកម្លាំងប្រដាប់អាវុធបានលះបង់ធំណាស់ ដើម្បីសេចក្តីសុខ និងភាពរីករាយរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មិនបដិសេដដែរចំពោះភាពអសកម្មមួយចំនួនរបស់កងកម្លាំងប្រដាប់អាវុធ តែមិនត្រូវឱ្យមន្ត្រីខិលខូចមួយចំនួនបំផ្លាញកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់កងកម្លាំងប្រដាប់អាវុធទូទាំងប្រទេសនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថ្កោលទោសចំពោះការវាយប្រហារដោយគ្រាប់បែកនៅក្នុងប្រទេសស្រីលង្កា។

* សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តាំដល់កងកម្លាំងប្រដាប់អាវុធកម្ពុជាផងដែរ មិនត្រូវមើលស្រាលចំពោះស្ថានការណ៍ក្នុងប្រទេសនោះឡើយ គឺត្រូវយកចិត្តទុកដាក់ទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យមានការវាយប្រហារដោយកម្លាំងភេរវកម្ម។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កងកម្លាំងប្រដាប់អាវុធទាំងក្នុង និងក្រៅប្រទេស បានធ្វើពលីកម្មធំណាស់ ដើម្បីសេចក្តីសុខរបស់ប្រជាពលរដ្ឋ ដោយមិនបានជួបជុំលេងកម្សាន្តជុំគ្រួសារនោះឡើយក្នុងឱកាសបុណ្យចូលឆ្នាំ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចកំពុងពិនិត្យមើលថា តើអំពើភេរវកម្មនៅស្រីលង្កា វាយប្រហារទៅលើវីហាររបស់គ្រឹស្ត មានអ្វីទាក់ទងជាមួយការវាយប្រហារទៅលើវិហារឥស្លាមនៅក្នុងប្រទេសញូវហ្សេឡែនដែរឬទេ?

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា បទពិសោធន៍នៅស្រីលង្កា និងនៅញូវហ្សេឡែន គឺជាបទពិសោធន៍សម្រាប់កម្ពុជាក្នុងការគ្រប់គ្រងទៅលើអាវុធជាតិផ្ទុះឱ្យបានម៉ត់ចត់។ សម្តេចតេជោ បានថ្លែងថា ការបើកទូលាយក្នុងការប្រើប្រាស់អាវុធ គឺជាការបំផ្លាញសេចក្តីរបស់ប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងពេលអញ្ជើញទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួមវេទិកាផ្លូវមួយ ខ្សែក្រវាត់មួយ សម្តេចនឹងអញ្ជើញជួបជាមួយប្រធានាធិបតីចិន។

* សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា លោកស្រី អ៊ុង សានស៊ូជី នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជានៅចុងខែនេះ។

* សម្តេចតេជោ ហ៊ុន សែន បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះអ្នកដែលនិយាយថាសម្តេចកំពុងមានជំងឺ។ សម្តេចតេជោបានតបថា សម្តេចកំពុងមានសុខភាពល្អប្រសើរ គ្មានជំងឺនោះឡើយ ហើយសម្តេចក៏កំពុងប្រឹងហាត់ប្រាណទប់កុំឱ្យគីឡូឡើងតាមការណែនាំរបស់គ្រូពេទ្យ។ សម្តេចបានហៅអ្នកដែលថាសម្តេចមានជំងឺនោះជាមនុស្សចង្រៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបើសម្តេចមិនទប់ខ្លាំងទេ នឹងត្រូវក្រុមមនុស្សដែលសម្តេចហៅថា «ក្រុមចង្រៃ» នោះ ធ្វើឱ្យក្រឡាប់ចាក់ជាមិនខាន។

* សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យជនពិការទាំងអស់ប្រឹងប្រែងសិក្សារៀនសូត្រ៕