ឯកឧត្តម លឹម គានហោ បានចុះទៅពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាច


នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយក្រុមការងារជាថ្នាក់ដឹកនាំក្រសួង និងលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំង បានចុះទៅពិនិត្យវឌ្ឍនភាពនៃការងារសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាច ស្ថិតក្នុងស្រុកបរិរបូណ៍ ខេត្តកំពង់ឆ្នាំង។

គម្រោងប្រព័ន្ធធារាសាស្ត្រលំហាច ត្រូវបានអនុវត្តក្រោមឥណទានសម្បទានរបស់ជប៉ុន ក្នុងទឹកប្រាក់ចំនួនប្រមាណ ៣៣ លានដុល្លារអាមេរិក សម្រាប់រយៈពេល ០៣ឆ្នាំ (២០១៧-២០១៩)។ គម្រោងនេះ អនុវត្តដោយក្រុមហ៊ុនសាងសង់អន្តរជាតិ Tidal Marine Engineering Co. Ltd. និងត្រួតពិនិត្យការអនុវត្តគម្រោង ដោយក្រុមហ៊ុនជប៉ុន NIPPON KOEI។

បើតាមការរាយការណ៍ពីលោកប្រធានមន្ទីរ និងក្រុមការងារគម្រោងបានឲ្យដឹងថា ការសាងសង់ប្រព័ន្ធធារាសាស្ត្រលំហាច រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ៩៧.៥ភាគរយ និងគ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងខែមិថុនា ឆ្នាំ២០១៩។ តាមផែនការ ពេលដែលប្រព័ន្ធធារាសាស្រ្តលំហាចសាងសង់រួច នឹងមានលទ្ធភាពស្រោចស្រពលើផ្ទៃដីដាំដុះបានចំនួន ៣២៨៩ ហិកតា នៅរដូវវស្សា និងចំនួន ៣០០ ហិកតា នៅរដូវប្រាំង។

ឯកឧត្តមរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអនុវត្តគម្រោង និងវឌ្ឍនភាពការងារដែលសម្រេចបាន និងបានស្នើឲ្យខិតខំបញ្ចប់ការងារប្រកបដោយគុណភាពស្រប តាមបទដ្ឋានបច្ចេកទេសដែលបានកំណត់។

នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានចែកជូនក្រមាដល់បងប្អូនជាកម្មករសំណង់ សម្រាប់ប្រើប្រាស់ក្នុងពេលបំពេញការងារ ក្នុងស្ថានភាពអាកាសធាតុនាពេលបច្ចុប្បន្ន មានសភាពក្តៅហួតហែង និងបានស្នើពួកគាត់ យកចិត្តទុកដាក់ថែរក្សាសុខភាពជាសំខាន់។