សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងពិធីដាំកូនឈើ និងទស្សនាការតាំងពិព័រណ៌សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩


បន្ទាប់ពីបានចំណាយពេលអញ្ជើញសម្ពោធដាក់ឲ្យដំណើរការសួនកម្ពុជារួចមក សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្តាមេដឹកនាំនៃប្រទេសជាដៃគូកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ បានអញ្ជើញដាំកូនឈើ​ និងទស្សនាការតាំងពិព័រណ៌សាកវប្បកម្មអន្តរជាតិឆ្នាំ២០១៩ និងបានអញ្ជើញទស្សនាការសំដែង សិល្បៈមហាជន ក្នុងន័យចូលរួមអបអរសាទរ ពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិ ឆ្នាំ​២០១៩ ក្រោមវត្តមាននៃការអញ្ជើញធ្វើគារវកិច្ចស្វាគមន៍យ៉ាងស្និទ្ធស្នាលរ៉ាក់ទាក់បំផុតជាថ្មីម្តងទៀត ពីឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងលោកជំទាវ។

​​ថ្លែងទៅកាន់បណ្តាមេដឹកនាំ ដែលមានវត្តមានក្នុង ពិធីបើកពិព័រណ៍សាកវប្បកម្មអន្តរជាតិឆ្នាំ​២០១៩ បណ្តាមេដឹកនាំនៃប្រទេសចូលរួម ពិសេសឯកឧត្តមប្រធានាធិបតីចិន ស៊ី ជិនពីង មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរ ជូនចំពោះប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសជាដៃគូសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ដែលបានឆ្លើយតបតាមការអញ្ជើញ ពីថ្នាក់ដឹកនាំចិន អញ្ជើញចូលរួមវេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទី២ សម្រាប់សហប្រតិបត្តិការ អន្តរជាតិ ដែលបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា ពិសេសបានអញ្ជើញចូលរួមក្នុង ពិធីបើក​ពិព័រណ៌សាកវប្បកម្មអន្តរជាតិឆ្នាំ​២០១៩ ដែលប្រទេសជាសមាជិកជាច្រើន បានចូលរួមសាង​សង់ និងសម្ពោធដាក់ឲ្យប្រើប្រាស់រួមគ្នានៅថ្ងៃនេះ។ ឯកឧត្តម​ ប្រធានាធិបតីមានប្រសាសន៍​បញ្ជាក់បន្ថែមថា នៅទីនេះគឺជាតំណាងឲ្យភាពស្ងប់ស្ងាត់ ហើយរុក្ខជាតិនិងដើមឈើយកមកដាំនៅ ក្នុងសួនពិព័រណ៌សាកវប្បកម្មអន្តរជាតិ គឺជារុក្ខជាតិដែលត្រូវបាននាំមកដាំ ដោយភាពសំរិទ្ធសំរាំងបំផុត ក្នុងគោលបំណងបម្រើឲ្យភាពទាក់ទាក់។ ឯកឧត្តមប្រធានាធិបតីក៏បានសំដែងនូវការ វាយតម្លៃខ្ពស់ដល់ក្រុមការងារមកពីបណ្តាប្រទេសជាដៃគូ ដែលបានខិតខំប្រឹងប្រែងធ្វើឲ្យសម្រេចបាន​នូវមហាសិមទ្ធផលជាប្រវត្តិសាស្រ្ត ដែលយើងប្រារព្វដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះ។ ឯកឧត្តមក៏បានសំដែងនូវសុទិដ្ឋនិយមដែរថា អ្វីដែលយើងទាំងអស់គ្នាខិតខំសម្រេចបាននៅពេល គឺជានិម្មិតរូបដែលបង្ហាញពីភាពជោគជ័យ នៃការចូលរួមអនុវត្តគោលនយោបាយខ្សែក្រវ៉ាត់ និងផ្លូវឲ្យកាន់តែបោះជំហានទៅមុខ និងមានភាពរីកចម្រើនសម្រាប់ជាឧត្តមប្រយោជន៍ នៃប្រជាជនទាំងអស់ ដែលរស់នៅលើភពផែនដី នៃពិភពលោកដ៏ធំហ្វឹងល្វើយយើងនេះ។

​​នៅក្នុងរាត្រីកាលនោះដែរ បន្ទាប់ពីការថ្លែងសុន្ទរកថា ពីសំណាក់មេដឹកនាំនានារួចមក មេដឹកនាំទាំងអស់បានចំណាយពេលប្រមាណ១ម៉ោង ទស្សនាការសំដែងសិល្បៈមហាជនពីតំណាងប្រទេសចិន អឺរ៉ុប និងទ្វីបអាហ្រ្វិក ដែលឆ្លុះបញ្ចាំងសិល្បៈសំបូរណ៍ និងភាពប្រទាក់ក្រឡាគ្នា រវាងបណ្តាប្រទេសក្នុងដៃគូសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ៕