ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី ការបង្កើតគំរូអាជីវកម្មសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាពសម្រាប់សំណល់ដែលអាចកែច្នៃឡើងវិញនៅខេត្តបាត់ដំបងដោយផ្តោតសំខាន់លើសំណល់ប្លាស្ទិកនិងសរីរាង្គ


នារសៀលថ្ងៃច័ន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដម សៅ សុភាព រដ្ឋលេខាធិការ ជាតំណាងឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថានបានចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពី «ការបង្កើតគំរូអាជីវកម្មសម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយចីរភាពសម្រាប់សំណល់ដែលអាចកែច្នៃឡើងវិញនៅខេត្តបាត់ដំបងដោយផ្តោតសំខាន់លើសំណល់ប្លាស្ទិកនិងសរីរាង្គ» ជាមួយវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI)និងអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ (UNIDO)ជាកិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសរវាងស្ថាប័នទាំងពីរដែលមានការចូលរួមជាសាក្សីពីថ្នាក់ដឹកនាំក្រសួងបរិស្ថាននិងតំណាងអង្គការទាំងពីរខាងលើ។

កិច្ចព្រមព្រៀងសហប្រតិបត្តិការបច្ចេកទេសនេះរួមបញ្ចូលគ្នារវាងគោលដៅគម្រោងរបស់វិទ្យាស្ថាន GGGI ដែលផ្តោតលើការកែលម្អម៉ូឌែលអាជីវកម្មនៅក្នុងការកែច្នៃសំរាម និងគោលដៅគម្រោងរបស់អង្គការ UNIDO ដែលផ្តោតលើការកែលម្អហេដ្ឋារចនាសម្ព័ន្ធ។ដូច្នេះ UNIDO និង GGGI បានបង្កើតនូវកិច្ចព្រមព្រៀងនេះឡើង ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពអនុវត្តរវាងគម្រោងទាំង ២ ការចែករំលែកព័ត៌មានទៅវិញទៅមក និងដើម្បីពង្រឹងប្រសិទ្ធភាពសហប្រតិបត្តិការ ជាពិសេសក្នុងការទំនាក់ទំនងទៅគ្រប់ភាគីពាក់ព័ន្ធ។ វិទ្យាស្ថាន GGGI ជាអ្នកធ្វើការសិក្សាស្រាវជ្រាវ និងអង្គការ UNIDO ជាអ្នកធ្វើការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការយល់ដឹងនៅក្នុងក្រុងបាត់ដំបង ហើយអង្គការ UNIDO នឹងអនុវត្តជាទ្រង់ទ្រាយធំនូវកម្មវិធីបង្កើតឡើងដោយ GGGI សម្រាប់ការញែកសំរាមដែលអាចកែច្នៃបាននៅតាមផ្ទះប្រជាពលរដ្ឋ។