ក្រុមការងាចម្រុះបន្តចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែ ដីស ដីក្រហម ខ្សាច់ ថ្ម ខុសលក្ខណ:បច្ចេកទេសក្នុងខេត្តសៀមរាប


នៅថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ លោក ពិន ប្រាកដ អភិបាលរងខេត្តបានដឹកនាំក្រុមការងារចម្រុះចុះត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនធនធានរ៉ែក្នុងគោលដៅចំនួនពីរក្នុងខេត្តសៀមរាប។

កម្លាំងចម្រុះបានចុះត្រួតពិនិត្យនិងទប់ស្កាត់ក្នុងគោលដៅទាំងពីរដូចខាងក្រោម ៖
១-ចំណុចផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង​ ខេត្តសៀមរាប​ បានត្រួតពិនិត្យរថយន្ត និងធ្វើកំណត់ហេតុណែនាំបានចំនួន ២១គ្រឿង
២-ចំណុចខាងមុខវត្តចេតិយ ស្ថិតនៅសង្កាត់សំបួរ ក្រុងសៀមរាប បានចំនួន ៣៨ គ្រឿង ។

ជាលទ្ធផលក្រុមការងារបានត្រួតពិនិត្យបានចំនួន ៥៩ គ្រឿង
ក្នុងទាំងពីរគោលដៅខាងលើ ហើយក្នុងការប្រតិបត្តិការនេះ ក្រុមការងារបានពិនិត្យឃើញថាមានការដឹកជញ្ជូនធនធានរ៉ែ (ដីស ដីក្រហម ខ្សាច់ ថ្ម….) ខុសលក្ខណ:បច្ចេកទេស ដូចជា ដឹកលើសទ្រុង មិនបានគ្រប ហៀរ ឬកំពប់ …. ។

ជាមួយគ្នានេះ ក្រុមការងារបានចុះធ្វើកំណត់ហេតុ​ណែនាំឲ្យម្ចាស់រថយន្តយកត្រឡប់ទៅការដ្ឋាន ដើម្បីកាយទំលាក់ និងគ្របអោយបានត្រឹមត្រូវ​ តាមលក្ខណ:បច្ចេកទេស មុននឹងដឹកចេញពីការដ្ឋានចូលក្នុងក្រុង​។ ទន្ទឹមនឹងការចុះត្រួតពិនិត្យនេះ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត ទទួលបន្ទុកការងារគ្រឿងញៀនបានត្រួតពិនិត្យទឹកនោមទៅលើម្ចាស់រថយន្តទាំងអស់ ក្នុងនោះមានម្ចាស់រថយន្ត ចំនួន ៤ នាក់ មានផ្ទុកសារធាតុញៀន ហើយមន្ត្រីនគរបាលបានបន្តចាត់វិធានការតាមនីតិវិធីទៅតាមផ្លូវច្បាប់៕