ក្រសួងទេសចរណ៍រៀបចំពិព័រណ៍កម្ពុជាឆ្នាំ២០១៩ នៅទីក្រុងតូក្យូ


(តូក្យូ)៖ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំប្រតិភូមន្ត្រីរាជការ សិល្បករ ក្រុមល្បុក្កតោ និងក្រុមតន្រ្តី ចូលរួមពិព័រណ៍កម្ពុជា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ក្នុងគោលបំណងផ្សព្វផ្សាយ និងលើកកម្ពស់សិល្បៈ វប្បធម៌ វិស័យទេសចរណ៍ និងមុខមាត់នៃប្រទេសកម្ពុជានៅប្រទេសជប៉ុន ព្រមទាំងសំដៅជំរុញការផ្សព្វផ្សាយពីសក្កានុពលទេសចរណ៍កម្ពុជាបន្ថែមទៀត។

ពិព័រណ៍នេះធ្វើឡើងចាប់ពីថ្ងៃទី៣-៤ ខែឧសភា ឆ្នាំ២០១៩ ដោយមានកិច្ចសហការពីស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន សមាគមខ្មែរនៅប្រទេសជប៉ុន ក្នុងនោះមានការសម្តែងរបាំបុរាណខ្មែរ សម្តែងក្បាច់គុនល្បុក្កតោរបស់ខ្មែរ និងច្រៀងចម្រៀងខ្មែរដោយក្រុមតន្រ្តី Dark Storm Band និងក្រុមតន្ដ្រីករខ្មែរផ្សេងទៀត និងការតាំងពិព័រណ៍ម្ហូបអាហារខ្មែរ វប្បធម៌ និងទេសចរណ៍ប្រមាណ ២៥០ស្តង់ និងមានអ្នកចូលរួមប្រមាណជាង១០ម៉ឺននាក់។

ព្រឹត្តិការណ៍ពិព័រណ៍កម្ពុជា ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពលោករដ្ឋមន្ត្រី ថោង ខុន និងមានការចូលរួមពីសំណាក់លោក Kenji YAMADA អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោក Masahiro Imamura ប្រធានសម្ព័ន្ធមិត្តភាពសភាជប៉ុន-កម្ពុជា លោក អ៊ុង រចនា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន លោក Fumiaki TAKAHASHI អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Yuji Kumamaru អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា តំណាងអង្គទូតនៃបណ្តាប្រទេសសមាជិកអាស៊ាន ប្រជាពលរដ្ឋ សិស្ស និស្សិតខ្មែរ និងភ្ញៀវមិត្តជប៉ុនយ៉ាងច្រើនកុះករ។

ព្រឹត្តិការណ៍នេះធ្វេីឡេីងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៥ មកម្ល៉េះ ហេីយក្រសួងទេសចរណ៍ក៏បានចូលរួមជារៀងរាល់ឆ្នាំផងដែរ។

គួរកត់សម្គាល់ដែរថា ឆ្នាំ២០១៩នេះ ជាខួបលើកទី៦៦ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ពិសេសស្របពេល នៃការឡេីងគ្រងរាជ្យរបស់ព្រះករុណា ណារ៉ូហ៉ីតូ ព្រះចៅអធិរាជជប៉ុន ដែលបានឡេីងគ្រងរាជ្យនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។

ដើម្បីបន្តការផ្សព្វផ្សាយទេសចរណ៍កម្ពុជា លើទីផ្សារជប៉ុន ក៏ដូចជាការរឹតចំណងមិត្តភាពកម្ពុជា-ជប៉ុន ក្រសួងទេសចរណ៍ នឹងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ JATA Travel Showcase និងរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា Cambodia Tourism Roadshow ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៤-២៧ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងអូសាកា ប្រទេសជប៉ុនផងដែរ៕