ពិធី​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​រវាង​អគ្គនាយកដ្ឋាន​ឧត្ដម​សិក្សា​ និង​សាកលវិទ្យាល័យ​អប់រំ​ហុងកុង


រាជធានី​ភ្នំពេញ៖ ក្នុង​គោលដៅ​កសាង​សមត្ថភាព​​ដើម្បី​លើក​កម្ពស់​គុណភាព​រៀន និង​បង្រៀន ការ​ធ្វើ​កំណែ​ទម្រង់​វិស័យ​អប់រំ ក៏​ដូច​ជា​លើក​កម្ពស់​ការ​ធ្វើ​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​អប់រំ អគ្គនាយកដ្ឋាន​ឧត្ដម​សិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​សាកលវិទ្យាល័យ​អប់រំ​ហុងកុង បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​។

អនុស្សរណៈ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ឯកឧត្ដម ម៉ក់ ងយ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ឧត្ដម​សិក្សា និង​លោក Allan Walker ព្រឹទ្ធបុរស​នៃ​មហាវិទ្យាល័យ​អភិវឌ្ឍ​ការ​អប់រំ និង​ធនធាន​មនុស្ស​ដែល​ជា​តំណាង​នៃ​សាកលវិទ្យាល័យ​អប់រំ​ហុងកុង។ កម្មវិធី​​បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​​ថ្ងៃ​អង្គារ ៤​កើត ខែ​ចេត្រ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​អគ្គនាយកដ្ឋាន​ឧត្ដម​សិក្សា ដោយ​ក្នុង​នោះ​​ក៏​មាន​ការ​ចូលរួម​ពី​សំណាក់​គណៈ​គ្រប់គ្រង​នៃ​គ្រឹះស្ថាន​ឧត្ដម​សិក្សានានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ៕