ជំនួបពិភាក្សាការងារជាមួយលោក Wang Wenzhong អនុប្រធានក្រុមហ៊ុនសាជីវកម្មសាងសង់ ផ្លូវដែកចិន (CRCC)


ថ្ងៃព្រហស្បតិ៍ ៦កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សា ការងារជាមួយគណៈប្រតិភូក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) ដែលដឹកនាំដោយលោក Wang Wenzhong ជាអនុប្រធានក្រុមហ៊ុន។

លោក Wang Wenzhong បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីអំពីវិសាលភាពនៃប្រតិបត្តិការអាជីវកម្ម របស់ CRCC នៅក្នុងប្រទេសចិន និងការគាំទ្ររបស់ខ្លួនចំពោះប្រទេសកម្ពុជា និងបានសម្តែងនូវសុឆន្ទៈ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកម្ពុជា។

សូមជម្រាបជូនថា៖ ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) គឺជាសហគ្រាសសំណង់ គ្រប់គ្រងដោយរដ្ឋ ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង ប្រទេសចិន និងជាក្រុមហ៊ុនសំណង់ និង វិស្វកម្មធំបំផុតទីពីរ នៅលើពិភពលោក។

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិននេះធ្វើឡើង ដើម្បីសិក្សាគម្រោងធ្វើឱ្យប្រសើរឡើងផ្លូវដែកកម្ពុជា ដែលមានស្រាប់ (ភ្នំពេញ-ក្រុងព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត) សិក្សាផ្លូវរថភ្លើងលើអាកាសដឹកអ្នកដំណើរធុនស្រាល (Monorail) និងរថភ្លើងក្រោមដី (Subway) នៅរាជធានីភ្នំពេញ ហើយរាយការណ៍ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់សម្រេចជ្រើសរើសយកប្រព័ន្ធដឹកជញ្ជូនណាមួយ ដែលមានប្រសិទ្ធភាពបំផុត អាចកាត់បន្ថយនូវការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានស្នើឱ្យក្រុមហ៊ុន CRCC សិក្សាផ្លូវដែកបន្តពីក្រុងសិរីសោភណ្ឌ មកខេត្តសៀមរាប ដែលមានប្រវែងសរុបប្រមាណ ១០០គីឡូម៉ែត្រ ដោយហេតុថា មានទេស ចរណ៍យ៉ាងច្រើន ចង់ធ្វើដំណើរតាមរថភ្លើង ពីទីក្រុងបាងកក ពីទីក្រុងកូឡាឡាំពួរ និងពីទីក្រុងសឹង្ហបុរី មកលេងប្រាសាទអង្គរវត្ត។

លោក Wang Wenzhong បានកត់សម្គាល់លើសំណើរបស់ឯកឧត្តមទេសរដ្ឋមន្រ្តី និងបានស្នើឱ្យមាន ការពិភាក្សាលម្អិតបន្ថែមទៀតជាមួយក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធរបស់ក្រសួង ក្នុងគោលបំណងឱ្យផ្លូវ ដែកភាគខាងជើង និងភាគខាងត្បូងរបស់កម្ពុជាអាចដំណើរការបានរលូនឆាប់រហ័ស ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការខូចខាតផ្លូវថ្នល់ និងកាត់បន្ថយតម្លៃដឹកជញ្ជូនទំនិញផងដែរ។