ថ្ងៃកំណើតនគរបាលជាតិ! សម្ដេចក្រឡាហោម ស ខេង ផ្ដល់អនុសាសន៍៥ចំណុចសំខាន់ៗ ដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងប្រទេស


(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ បានផ្ដល់អនុសាសន៍ចំនួន៥ចំណុចសំខាន់ៗដល់ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលទូទាំងប្រទេស ដើម្បីបន្ដអនុវត្តក្នុងន័យបង្កើត និងពង្រឹងប្រសិទ្ធភាពការងារ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

អនុសាសន៍៥ចំណុច របស់សម្ដេចក្រឡាហោម ស ខេង បានថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ នៃកំណើតនគរបាលជាតិកម្ពុជា លើកទី៧៤ (១៦ ឧសភា ១៩៥៤-១៦ ឧសភា ២០១៩) រួមមាន៖

ទី១៖ ត្រូវពង្រឹងកងកម្លាំងនគរបាលជាតិ ដោយត្រូវធ្វើការប្តេជ្ញាចិត្តរួមគ្នា បន្តធ្វើការកែទម្រង់នគរបាលជាតិ អំពីក្របខ័ណ្ឌ ឋានន្តរស័ក្តិ តួនាទី មុខងារ និងការទទួលខុសត្រូវ នៅតាមស្ថាប័ន-អង្គភាពនគរបាលគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាពការងារ សំដៅឆ្លើយតបចំពោះការវិវត្តរីកចម្រើន របស់សង្គម និងស្ថានភាពប្រែប្រួលស្មុគស្មាញ នៃសភាពការណ៍សន្តិសុខ ក្នុងតំបន់ និងពិភពលោក។

ទី២៖ ជាក្រិត្យក្រម ក្នុងកម្លាំងអនុវត្តច្បាប់ត្រូវមានលក្ខណៈសម្បត្តិ និងនីតិសម្បទាគ្រប់គ្រាន់ ក្នុងការបម្រើប្រជាពលរដ្ឋ ប្រកបដោយស្មារតីអង់អាចក្លាហាន និងមានសមត្ថភាពពេញលេញ ទាំងសមត្ថភាពផ្នែកច្បាប់ ជំនាញបច្ចេកទេស ព្រមទាំងមានមនសិការវិជ្ជាជីវៈ បម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយភក្តីភាព។ លើមូលដ្ឋាននេះ ការកសាងអភិវឌ្ឍធនធានមនុស្ស និងស្ថាប័ន គឺជាគោលដៅអាទិភាពដែលគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ តាមរយៈការរៀបចំវគ្គបណ្តុះបណ្តាលមុខជំនាញ ឯកទេស និងច្បាប់ រយៈពេលវែង-ខ្លី និងការបំប៉ននៅហ្នឹងកន្លែង ជាពិសេសបង្កើនការអប់រំ ពង្រឹងសីលធម៌ វិន័យកងកម្លាំងជាប្រចាំដើម្បីកសាងធនធានមន្ត្រីអនុវត្តច្បាប់ ឲ្យមានសមត្ថភាព មានសីលធម៌ គុណធម៌ និងមនសិការ វិជ្ជាជីវៈពិតប្រាកដ ស័ក្តិសមនឹងកិត្តិយសរបស់កងកម្លាំងនគរបាលជាតិ។

ទី៣៖ គ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន-អង្គភាពជំនាញ និងគ្រប់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត នៅទូទាំងប្រទេស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការគ្រប់គ្រង ដឹកនាំអង្គភាព និងកងកម្លាំងក្រោមឱវាទ ដោយត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ច ដែលបានចែងក្នុងច្បាប់ លិខិតបទដ្ឋាន ពាក់ព័ន្ធស្ថាប័ន អង្គភាពនីមួយៗ ដើរទន្ទឹមនឹងការខិតខំរក្សាឲ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ផ្តល់ភាពកក់ក្តៅដល់កម្លាំងក្រោមឱវាទ ដោយត្រូវស្វែងយល់អំពីសុខទុក្ខ ការលំបាកបញ្ហាប្រឈម និងសំណូមពរនានារបស់ថ្នាក់ក្រោមជាតិ ព្រមទាំងត្រូវអនុវត្តឲ្យបានខ្ជាប់ខ្លួន នូវគោលនយោបាយសរសើរ ជូនរង្វាន់លើកទឹកចិត្ត និងអនុវត្តវិន័យតឹងរឹង ប្រកបដោយតម្លាភាព និងយុត្តិធម៌។

ទី៤៖ ត្រូវបន្តលើកទឹកចិត្ត និងបំផុសចលនាផ្សាភ្ជាប់ រវាងសមរភូមិក្រោយ ជាមួយសមរភូមិមុខតាមរយៈការបន្តពង្រឹងសម្ព័ន្ធមេត្រីភាព រវាងអង្គភាពនានា ជាមួយអង្គភានគរបាលជាប់ផុស មានការចូលរួមគាំទ្រពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល វិស័យឯកជន ដើម្បីរួមគ្នាធ្វើសកម្មភាពចុះសួរសុខទុក ស្វែងយល់អំពើពលិកម្ម និងបញ្ហាប្រឈមនានារបស់កងកម្លាំងនគរបាល ដើម្បីចូលរួមលើកទឹកចិត្តទាំងស្មារតី និងឧបត្ថម្ភគាំទ្រនូវមធ្យោបាយ សម្ភារ គ្រឿងឧបភោគ បរិភោគនានា ដល់កងកម្លាំងនគរបាល ដែលកំពុងឈរជើងនៅតាមព្រំដែន។ ទន្ទឹមនេះត្រូវបន្តយកចិត្តទុកដាក់ថែបំប៉នកម្លាំងការពារព្រំដែនឲ្យបានល្អប្រសើរ ទាំងជីវភាពប្រចាំថ្ងៃទាំងជម្រក បន្ទាយ លេណដ្ឋាន មធ្យោបាយ ឧបករណ៍ សម្ភារ អាវុធ គ្រាប់រំសេវ សំដៅពង្រឹងកងកម្លាំងនគរបាល ការពារព្រំដែនឲ្យក្លាយជាកម្លាំងដ៏រឹងមាំ មានសមត្ថភាពពេញលេញ ការពារបូរណភាពទឹកដី។

ទី៥៖ តាមរយៈវេទិកានេះ សម្ដេចសូមជំរុញលើកទឹកចិត្តដល់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ក៏ដូចជាក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមលើកកម្ពស់ស្មារតីសហការ ដឹកនាំគាំទ្រដល់គ្រប់សកម្មភាព របស់កងកម្លាំងនគរបាលជាតិ ដើម្បីរួមគ្នាថែរក្សាឲ្យបាននូវសុខសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាការពារឲ្យបាននូវសមិទ្ធផលសង្គមជាតិ ដែលយើងបានកសាងឡើងដោយលំបាកលំបិន សំដៅចូលរួមកសាងអភិវឌ្ឍសង្គមកម្ពុជា ឆ្ពោះទៅដល់គោលដៅអភិវឌ្ឍប្រកបដោយជោគជ័យ៕