កិច្ចប្រជុំលើកទី១៤ របស់ក្រុមការងារបច្ចេកទេសស្តីពី ការបំពុលផ្សែងអ័ព្ទឆ្លងដែននៅក្នុងអនុតំបន់មេគង្គ


ខេត្តសៀមរាប៖ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន បានរៀបចំកិច្ចប្រជុំលើកទី១៤ របស់ក្រុមការងារបច្ចេកទេសស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែននៅក្នុងអនុតំបន់មេគង្គ ក្រោមអធិបតីភាពរបស់ ឯកឧត្តម វ៉ាន់ មុនីនាថ អគ្គលេខាធិការរង ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជាប្រធានឧត្តមមន្រ្តីបរិស្ថានអាស៊ាន និងមានការចូលរួមដោយប្រតិភូអញ្ជើញមកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម លេខាធិការដ្ឋានអាស៊ាន និងដៃគូអន្តរជាតិ សរុបចំនួន៥០ រូប។

ឯកឧត្តម វ៉ាន់ មុនីនាថ បានលើកឡើងថារដ្ឋសមាជិកអាស៊ានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាស៊ានស្តីពីការបំពុលផ្សែងអ័ព្ទឆ្លងដែន កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០០២ និងចូលជាធរមាននៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៣។ រដ្ឋសមាជិកអាស៊ានបាននិងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីទប់ស្កាត់បញ្ហាឆ្លងដែន ទប់ស្កាត់ និងកាត់បន្ថយភ្លើងឆេះព្រៃ ផ្លាស់ប្តូរព័ត៌មាននិងបច្ចេកវិទ្យា និងការផ្តល់ការគាំទ្រដល់គ្នាទៅវិញទៅមក។ ឯកឧត្តម វ៉ាន់ មុនីនាថ ក៏បានជម្រាបជូនអង្គប្រជុំអំពីសមិទ្ធផលសំខាន់ៗដែលកម្ពុជាបានសម្រេចកន្លងមក រួមមាន ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងនិងការការពារព្រៃឈើ ការអនុវត្តវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ការរៀបចំផែនការយុទ្ធសាស្រ្តតំបន់ការពារធម្មជាតិ ការបង្កើនទំហំតំបន់ការពាររហូតដល់ប្រមាណ ៧,៥ លានហិកតា ការរៀបចំក្រមបរិស្ថាន និងធនធានធម្មជាតិ ការរៀបចំផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពបរិស្ថានជាតិ ការរៀបចំផែនការយុទ្ធសាស្រ្តរេដបូកជាតិ និងការបង្កើតក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព(ក.ជ.អ.ច.) ដើម្បីសម្របសម្រួលជាមួយក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធ ក្នុងការដាក់បញ្ចូលកិច្ចគាំពារបរិស្ថានទៅក្នុងផែនការអភិវឌ្ឍន៍ជាតិ ។
គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី១៤ របស់ក្រុមការងារ បច្ចេកទេសនៅថ្ងៃនេះជាឱកាសសម្រាប់ប្រទេសនៅក្នុងអនុតំបន់មេគង្គ ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារទប់ស្កាត់ការបំពុលផ្សែងអ័ព្ទឆ្លងដែន និងបន្តជំរុញការអនុវត្តកិច្ចព្រមព្រៀងក្នុងក្របខណ្ឌប្រទេសសមាជិកនីមួយៗ ក៏ដូចជានៅក្នុងអនុតំបន់មេគង្គ។ ទន្ទឹមនឹងនេះ និន្នាការនៃការអភិវឌ្ឍបូករួមនឹងបញ្ហាប្រែប្រួលអាកាសធាតុ បានធ្វើឱ្យតំបន់អាស៊ានទទួលភាពរងគ្រោះ ដោយសារគ្រោះធម្មជាតិ ដូចជា ទឹកជំនន់ គ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃ ដែលបង្កផលប៉ះពាល់ដល់បរិស្ថាន ជីវិតមនុស្ស និងការប្រកបរបរចិញ្ចឹមជីវិត។ កិច្ចសហប្រតិបត្តិការរបស់រដ្ឋសមាជិកអាស៊ាន មានសារៈសំខាន់ ក្នុងការបន្តធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈមខាងលើ។