លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី បានអនុញ្ញាតិអោយកុមារីពិការ ស៊ិន ស្រីហង្ស ជាសិស្សពូកែម្នាក់ចូលជួបសំណេះសំណាល


លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានអនុញ្ញាតិអោយកុមារីពិការ ស៊ិន ស្រីហង្ស ជាសិស្សពូកែម្នាក់ចូលជួបសំណេះសំណាលនៅការិយាល័យផ្ទាល់របស់លោកជំទាវក្នុងទីស្តីការក្រសួងនាព្រឹកមិញនេះ។ កុមារី ស៊ិន ស្រីហង្ស អាយុ ១៧ឆ្នាំ ជាសិស្សពូកែរៀនថ្នាក់ទី ១១ នៃវិទ្យាល័យសំឡូត ខេត្តបាត់ដំបង ដែលមានឳពុកម្តាយជាកសិករ ស្រីហង្ស បានព្យាយាមតស៊ូគ្រប់ការលំបាកខិតខំសិក្សារៀនសូត្ររហូតមកដល់ក្លាយទៅជាសិស្សពូកែម្នាក់គួរអោយសរសើរទាំងខ្លួនជាមនុស្សពិការដៃជើងទាំងសងខាងតាំងមកពីកំណើតមកម្លេះ។ ក្នុងឱកាសនោះលោកជំទាវ បានសម្តែងទឹកចិត្តរំភើបអាណិតអាសូរយ៉ាងខ្លាំង និងជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួនពីរលានរៀល ជាការផ្តល់កម្លាំងចិត្តផង។