រាជធានីភ្នំពេញ ៖ កម្មវិធី “Sister of Code” គឺជាកម្មវិធីលើកទឹកចិត្តសិស្សនារីនៅកម្ពុជា ឲ្យព្យាយាមសរសេរកូដកម្មវិធី និងអភិវឌ្ឍទំនុកចិត្ត ក៏ដូចជាផ្ដល់ឱកាសជោគជ័យផ្នែកឌីជីថលនាពេលអនាគត តាមរយៈការចូលរួមកម្មវិធីក្លឹបសរសេរកូដ “Sister of Code” ដែលជាកម្មវិធីសម្រាប់ស្ត្រីដំបូងគេបង្អស់នៅកម្ពុជា តាមរយៈការលើកកម្ពស់ការរៀន និងការបង្រៀនស្ដីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)។ កម្មវិធីនេះនឹងបង្រៀនសិស្សនារី ដែលមានអាយុចន្លោះពី១០ឆ្នាំទៅ១៨ឆ្នាំ នៅមូលដ្ឋានគ្រឹះនៃការសរសេរកូដដោយឥតគិតថ្លៃរយៈពេល ៦ខែ ដែលត្រូវសិក្សា ១ ថ្ងៃ ក្នុង ១ សប្ដាហ៍ ដោយរៀនម្ដងៗប្រើពេល ២ ម៉ោងកន្លះ។
នាព្រឹកថ្ងៃអាទិត្យ ៨រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងថ្នាក់ដឹកនាំក្រសួង រួមជាមួយមន្ត្រីជំនាញ បានចុះត្រួតពិនិត្យការបង្រៀនសរសេរ code ដែលក្លឹបសរសេរកូដនេះនៅវិទ្យាល័យព្រះស៊ីសុវត្ថិ៕