នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ នាំរថយន្តគិលានសង្គ្រោះរបស់សម្តេចតេជោ ផ្តល់ជូនបញ្ជាការដ្ឋានបញ្ជូនសារ


នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រគល់រថយន្តគិលានសង្គ្រោះ ទី៣៥ ដែលជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បញ្ជាការដ្ឋានបញ្ជូនសារ។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ឯកឧត្តម ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បះ រួមទាំងមេបញ្ជាការ មេបញ្ជាការរង នាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានយ៉ាងច្រើន នៅបញ្ជាការដ្ឋានបញ្ជូនសារ។

បើតាម ឧត្តមសេនីយ៍ឯក មែក ប៊ុន្នី នាយរងសេនាធិការចម្រុះ មេបញ្ជាការ នៃបញ្ជាការដ្ឋានបញ្ជូនសារ បានថ្លែងថា ចាប់ពីក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ ក្នុងទស្សវត្សឆ្នាំ១៩៨០ ដល់១៩៩៣ ស្នងការវិទ្យុទាក់ទងមិនមានផ្នែកសុខាភិបាលទេ ប៉ុន្តែមានគ្រូពេទ្យប្រកបដោយជំនាញ និងវិជ្ជាជីវៈសម្រាប់ព្យាបាលជំងឺកម្មាភិបាល យុវជន ហើយក៏ពុំមានរថយន្តគិលានសង្គ្រោះដែរ តែនៅពេលនោះមធ្យោបាយដឹកជញ្ជូនអ្នកជំងឺ គឺជាជំនួយរបស់បណ្តាប្រទេសសង្គមនិយម ជាពិសេសសហភាពសូវៀត បច្ចុប្បន្នជាប្រទេសរុស្ស៊ី។

ចាប់ពីក្រោយឆ្នាំ១៩៩៣ បន្ទាប់ពីព្រះរាជាណាចក្រកម្ពុជាទីពីរ បានបង្កើតឡើង ពិសេសកងយោធពលខេមរភូមិន្ទ យើងជួបការលំបាកខ្វះខាត ហើយរថយន្តគិលានសង្គ្រោះទៀតសោត ក៏ពុំមានគម្រោងផ្តល់ជូនពីថ្នាក់លើ រាល់ការដឹកជញ្ជូនអ្នកជំងឺ យើងបានធ្វើឡើង តាមរយៈរថយន្តឯកជន ឬសូមការជួយសម្រួលពីរថយន្តគិលានសង្គ្រោះ របស់មន្ទីពេទ្យរដ្ឋ និងឯកជនផ្សេងៗប៉ុណ្ណោះ។

ឯកឧត្តមបានបន្តថា ចាប់ពីឆ្នាំ១៩៩៣ ដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ១៩៩៩ បញ្ជាការដ្ឋានបញ្ជូនសារ ត្រូវបានបង្កើតឡើងចំណុះសិទ្ធដឹកនាំផ្ទាល់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងមានការិយាល័យសុខាភិបាល និងផ្នែកគិលានដ្ឋានចំណុះ ដែលមានចំនួន៦៨នាក់៖ វេជ្ជបណ្ឌិត០៤នាក់ ឱសថការីឧត្តម០១នាក់ ពេទ្យមធ្យម៤០នាក់ ពេទ្យបឋម១៦នាក់ ឆ្មបមធ្យម០៤នាក់ និងអ្នកអនាម័យ០៣នាក់។

ឯកឧត្តមបានបន្តទៀតថា កន្លងមកនេះផ្នែកគិលានដ្ឋាន បញ្ជាការដ្ឋានបញ្ជូនសារ ក្រៅពីការងារពិនិត្យ និងព្យាបាលជំងឺជូនយោធិនក្នុងអង្គភាព យើងក៏បានពិនិត្យព្យាបាលជំងឺជូនគ្រួសារយោធិន និងប្រជាពលរដ្ឋមានទីតាំងរស់នៅជុំវិញបន្ទាយ ដែលមានការខ្វះខាត ដោយឥតគិតថ្លៃផងដែរ៕