សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសិក្ខាសាលា ស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា (១)


នៅព្រឹកថ្ងៃទី២៩ ខែឧសភាឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមក្នុងសន្និសីទអន្តរជាតិលើកទី២៥ ស្ដីពីអនាគតអាស៊ីនៅឯប្រទេសជប៉ុន នោះសម្តេចតេជោ បានអញ្ជើញចូលរួមនៅក្នុងសិក្ខាសាលាស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជា ដែលសិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗរបស់ប្រទេសជប៉ុន មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)និងមានការចូលរួមពីអ្នកវិនិយោគគិនសំខាន់ៗជាច្រើនរូបផងដែរ។

នៅក្នុងឱកាសនោះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញឡើងថ្លែងសុន្ទរកថាគន្លឹះសំខាន់ៗ ទាក់ទងនឹងការវិនិយោគនៅក្នុងប្រទេសកម្ពុជាថា៖ សម្តេចពិតជារីករាយដែលបានចូលរួមក្នុងសិក្ខាសាលានេះ ។ សម្តេចក៏បានថ្លែងអំណរគុណ និងកោតសរសើរដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន និងធនាគារមីហ៊្សូហូ របស់ប្រទេសជប៉ុនដែលបានសហការរៀបចំឲ្យមានកម្មវិធីនេះឡើង។ សម្តេចតេជោបន្តថាក្នុងសិក្ខាសាលានេះគឺយើងនឹងបានស្វែងយល់ដោយផ្ទាល់ពីការរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា និងសក្កានុពលវិនិយោគនៅកម្ពុជាក៏ដូចជាជ្រាបពីការដាក់ចេញនូវវិធានការថ្មីៗរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នសំដៅធ្វើឲ្យកាន់តែប្រសើរឡើងនូវបរិយាកាសវិនិយោគ។
សម្តេចតេជោបានមានប្រសាសន៍ថា ក្នុងរយៈពេលពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់៧,៧% ហើយបានចាកចេញផុតពីឋានៈជាប្រទេសដែលមានចំណូលទាបទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ លើពីនេះនេះទៅទៀតនៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា ៧,២% ធៀបទៅនឹងការគ្រោងទុក ៧,១% ប្រចាំឆ្នាំដែលជាមូលដ្ឋាននៃភាពរឹងមាំ។ នៅក្នុងឆ្នាំ២០១៩នេះ យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានអោយដឹងថាសេដ្ឋកិច្ចកម្ពុជាត្រូវបានប៉ាន់ប្រមាណថានឹងបន្តមានកំណើនក្នុងរង្វង់ជាង ៧% ដែលធ្វើអោយកម្ពុជាបន្តតំណែង របស់ខ្លួនជាបន្តទៀតដែលមានសេដ្ឋកិច្ចរីកចម្រើនបំផុតនៅក្នុងតំបន់អាស៊ីក្នុងរយៈពេល៣ឆ្នាំជាប់គ្នា។ នេះបានបង្ហាញថាកម្ពុជាស្ថិតនៅលើគន្លងនៃការឈានទៅសម្រេចបានឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ តាមការគ្រោងទុកក្នុងរបៀបវារៈនៃគោលនយោបាយជាតិរបស់ខ្លួន។
តាងនាម រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការដឹងគុណ និងការវាយតម្លៃខ្ពស់ ជាថ្មីម្តងទៀតចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព ឯកភាពជាតិ ព្រមទាំងការស្តារ និងអភិវឌ្ឍសេដ្ឋ-កិច្ចកម្ពុជាឱ្យរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ តាមរយៈការផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ការកសាងហេដ្ឋារចនាសម្ព័ន្ធ ជំនួយបច្ចេកទេសនានា និងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងការវិនិយោគរបស់វិស័យឯកជនជប៉ុននៅកម្ពុជា។ ជាក់ស្តែង នៅថ្ងៃខានស្អែកនេះ ឯកឧត្តមនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ និងសម្តេចតេជោ នឹងធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងផ្តល់អាហារូបករណ៍ អភិវឌ្ឍន៍ធនធានមនុស្ស ក្នុងទំហំទឹកប្រាក់៣៣៩លានយ៉េន និងគម្រោងសង់ឃ្លាំងកុងតឺន័រនៅតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងទំហំទឹកប្រាក់២០០លានយ៉េន។​ ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការផ្លូវការ គិតចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៨ មិត្តជប៉ុនបានផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការផ្លូវការយ៉ាងច្រើនសន្ធឹកសន្ធាប់ប្រមាណជាង ២,៨ពាន់លានដុល្លារអាមេរិក ស្មើនឹងប្រមាណ ១៥% នៃហិរញ្ញប្បទានសរុបរបស់ដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។ ទន្ទឹមនឹងនេះ មិត្តជប៉ុនបាននិងកំពុងគាំទ្រលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ការកសាងស្ពានគីហ្សូណា, ស្ពានត្សឺបាសា, ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥, ការអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ, និងការធ្វើឱ្យប្រសើរឡើងនូវការការពារទឹកជំនន់រាជធានីភ្នំពេញជំហានទី៤។ ការធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ១ និងលេខ៥ បាន និង នឹងធ្វើឱ្យផ្លូវទាំងនេះក្លាយជាផ្លូវយុទ្ធសាស្រ្ត ដ៏មានសារៈសំខាន់នៃរបៀងសេដ្ឋកិច្ចភាគខាងត្បូងតភ្ជាប់ប៉ូលសេដ្ឋកិច្ចធំពីរនៃមហាអនុតំបន់មេគង្គ គឺរវាងទីក្រុងហូជីមិញ និងទីក្រុងបាងកក។ រាជធានីភ្នំពេញដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា ក៏នឹងក្លាយជាទីក្រុងប្រមូលផ្តុំកណ្តាលដ៏សំខាន់ស្ថិតនៅតាមបណ្ដោយរបៀងសេដ្ឋកិច្ចនេះ ហើយនឹងកាន់តែជំរុញឱ្យកម្ពុជាក្លាយជាគោលដៅសម្រាប់ក្រុមហ៊ុន ជប៉ុនទាំងធំ ទាំងតូច មកបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកនូវផលប្រយោជន៍ជាអតិបរមាពីយុទ្ធសាស្រ្តថៃ+១ និងវៀតណាម+១។ ស្ពានគីហ្សូណា និងស្ពានត្សឺបាសាដែលជាស្ពានដ៏វែងជាងគេឆ្លងកាត់ទន្លេមេគង្គកម្ពុជានេះ មិនត្រឹមតែបានជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងសម្រួលពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម-ឡាវប៉ុណ្ណោះទេ តែក៏បានក្លាយជាទីកន្លែងទេសចរណ៍សម្រាប់ប្រជាជនកម្ពុជាប្រកប ដោយភាពទាក់ទាញផងដែរ។ លើសពីនេះ រូបស្ពានទាំងពីរត្រូវបានបោះពុម្ពនៅលើក្រដាសប្រាក់ ៥០០រៀលថ្មី ដែលនេះ ជាករណីដ៏កម្របំផុតដែលទង់ជាតិនៃប្រទេសមួយបានផុសឡើងនៅលើក្រដាសប្រាក់នៃប្រទេសមួយទៀត។ នេះសបញ្ជាក់ពីសក្ខីភាពយ៉ាងប្រត្យ័ក្សនៃទំនាក់ទំនងទ្វេភាគីដ៏ជ្រាលជ្រៅរវាងប្រទេសយើងទាំងពីរ។លើសពីនេះទៅទៀត ការផ្តល់ហិរញ្ញប្បទានសហប្រតិបតិ្តការលើគម្រោងអភិវឌ្ឍស្ថានីយ៍កុងតឺន័រថ្មី កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលមានទំហំហិរញ្ញប្បទាន រហូតដល់ប្រមាណជា ២៣ពាន់លានយ៉េន នឹង ជួយប្រែក្លាយកម្ពុជាទៅជាកន្លែងប្រមូលផ្តុំទំនិញឆ្លងកាត់នៅក្នុងតំបន់អាស៊ាន ជាមួយនឹងការបង្កើនសមត្ថភាព គ្រប់គ្រងទំនិញបានដល់៩០ម៉ឺនកុងតឺន័រប្រភេទ ២០ហ្វីត (TEUs) ក្នុងមួយឆ្នាំដែលមានសមត្ថភាពបន្ថែមលើសពីពេលបច្ចុប្បន្ន ២ដង។ គម្រោងនេះនឹងអាចឱ្យនាវាដឹកទំនិញខ្នាតធំ ដែលជាចរន្តនៃការដឹកជញ្ជូនទំនិញក្នុងសមុទ្រអន្តរជាតិ ចូលមកលើកដាក់ទំនិញផ្ទាល់ដល់កំពង់ផែក្រុងព្រះសីហនុ ដែលនឹងចូលរួមចំណែក កាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញ អន្តរជាតិ នាពេលអនាគត។ បន្ថែមពីនេះ ការទិញភាគហ៊ុនជាយុទ្ធសាស្រ្តរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុពីសំណាក់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) កាន់តែបញ្ជាក់ពីជំនឿទុកចិត្តរបស់រដ្ឋាភិបាលជប៉ុនមកលើអនាគតកំពង់ផែ ក៏ដូចជាអនាគតកម្ពុជាទាំងមូល។

ក្នុងក្របខណ្ឌនៃការវិនិយោគផ្ទាល់ពីជប៉ុន ផ្អែកតាមការកត់ត្រារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតពីឆ្នាំ១៩៩៤ រហូតដល់ត្រីមាសទី១ ឆ្នាំ២០១៩ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជី គម្រោងវិនិយោគ របស់ក្រុមហ៊ុនជប៉ុន ចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ពាន់លានដុល្លារអាមេរិក ដែលផ្ដោតសំខាន់លើផ្នែកផលិតគ្រឿងបង្គុំអគ្គិសនីនិងអេឡិកត្រូនិក គ្រឿងបង្គុំរថយន្ត និងសម្ភារៈបរិក្ខាបច្ចេកទេស កសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ ក្រៅពីគម្រោងវិនិ-យោគដែលបានចុះបញ្ជីនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាខាងលើ ក៏មានវត្តមាននៃសកម្មភាពធុរកិច្ចជប៉ុនទាំង ធំ ទាំងតូច ចំនួនប្រមាណ១.៧០០ក្រុមហ៊ុន ដែលមានសកម្មភាព ក្នុងវិស័យ ជាច្រើនដូចជាវិស័យធនាគារ អាកាសចរណ៍ ភោជនីយដ្ឋាន ជាដើម។

ចំពោះវិស័យធនាគារ បច្ចុប្បន្នមានធនាគារដែលមានភាគហ៊ុនជប៉ុនចំនួន ៦ កំពុងមានប្រតិបត្តិការនៅកម្ពុជា ក្នុងនោះធនាគារមីហ្ស៊ូហូជាធនាគារជប៉ុនលំដាប់អន្តរជាតិដំបូងគេបង្អស់ដែលបានទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជនៅកម្ពុជាកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧។
ចំណែកវិស័យទេសចរណ៍ ក្នុងត្រីមាសទី១ ឆ្នាំ២០១៩ កម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរ ជប៉ុនប្រមាណជាង៦ម៉ឺននាក់ ដែលតួលេខនេះមានការកើនឡើងប្រមាណ ២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨។ កំណើននៃប្រជាជនកម្ពុជាមកប្រទេសជប៉ុនក៏មានចំនួនកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ នេះបើយោងតាមព័ត៌មានដែលយើងទទួលបានពីស្ថានទូតជប៉ុនប្រចាំកម្ពុជា គឺបើធៀបនឹងឆ្នាំ២០១៧ នៅឆ្នាំ២០១៨កន្លងទៅកំណើននៃការផ្តល់ទិដ្ឋាការដល់ប្រជាជនកម្ពុជាមានការកើនឡើងប្រមាណ ៣៤%។​ រាជរដ្ឋាភិបាល នីតិកាល ទី៦ នៃរដ្ឋសភា និងកំពុងអនុវត្ត គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ដែល ជា យុទ្ធសាស្ត្រកំណើនសេដ្ឋកិច្ចថ្មី សំដៅ ធ្វើពិពិធកម្មសេដ្ឋកិច្ច និងកែប្រែរចនាសម្ព័ន្ធឧស្សាហកម្មកម្ពុជាពីឧស្សាហកម្មអតិពលកម្ម ទៅជាឧស្សាហកម្មផ្អែកលើជំនាញត្រឹមឆ្នាំ២០២៥។ គោលនយោបាយនេះបានកំណត់ប្រភេទឧស្សាហកម្មអាទិភាពចំនួន៥រួមមាន៖
១) ឧស្សាហកម្ម ឬកម្មន្តសាលថ្មីៗដែលមានចរិតជាការបើកច្រកចូលទីផ្សារ ផ្ដល់តម្លៃបន្ថែមខ្ពស់ មានភាពច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់
២) សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព
៣) ផលិតកម្ម កសិ-ឧស្សាហកម្មដែលបម្រើឱ្យការនាំចេញ និងទីផ្សារក្នុងស្រុក
៤) ប្រភេទឧស្សាហកម្មគាំទ្រ ពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ និងកាត់ដេរ ព្រមទាំងឧស្សាហកម្ម បម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ ដែលជាឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ ឬខ្សែចង្វាក់តម្លៃសកល
៥) ប្រភេទឧស្សាហកម្មបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់ និងមានចរិតយុទ្ធសាស្ត្រនាពេលអនាគត។ (ត)