កិច្ចប្រជុំអន្តរក្រសួងពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងបង្កើតអគារពាណិជ្ជកម្ម អគារស្នាក់នៅរួម (STAR CITY) នៅរាជធានីភ្នំពេញ


នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) លើគម្រោងបង្កើតអគារពាណិជ្ជកម្ម អគារស្នាក់នៅរួម និងអគារការិយាល័យស្តារស៊ីធី (STAR CITY) ដែលមានទីតាំងស្ថិតនៅក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញរបស់ក្រុមហ៊ុន XING HUI PROPERTY DEVELOPMENT (CAMBODIA) CO., LTD. (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន ដោយក្រុមហ៊ុនទីប្រឹក្សា E & A CONSULTANT CO., LTD.។
ជារួមអង្គប្រជុំបានទទួលលទ្ធផលដូចខាងក្រោម៖
១. អង្គប្រជុំគាំទ្រទៅលើគម្រោងនេះ ពីព្រោះគម្រោងនេះនឹងចូលរួមដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងចូលរួមធ្វើទំនើបកម្មទីក្រុង
២. ក្រុមហ៊ុនត្រូវគោរពទៅតាមបទដ្ឋានអនាម័យបរិស្ថាន ដោយត្រូវធ្វើការជាមួយមន្ទីរជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថានអំពីបច្ចេកទេសនៃប្រព័ន្ធចម្រោះទឹកកខ្វក់ ឬអាងប្រព្រឹត្តកម្មទឹកកខ្វក់របស់ក្រុមហ៊ុន
៣. ចំពោះការគ្រប់គ្រងសំណល់រឹង (សំរាម) ក្រុមហ៊ុនត្រូវគិតគូរអំពីទីតាំងស្តុកសំរាម ដោយដាក់ទីតាំងឱ្យបានសមរម្យកុំឱ្យប៉ះពាល់ដល់សោភ័ណ្ឌភាពសាធារណៈ និងក្លិន
៤. ក្រុមហ៊ុនត្រូវដាំដើមឈើ ឬរុក្ខជាតិលម្អរឱ្យបានច្រើន ដើម្បីលម្អសោភ័ណភាពនៅក្នុងតំបន់គម្រោង
៥. ក្រុមហ៊ុនត្រូវសហការជាមួយអាជ្ញាធរដែនដី ដើម្បីចូលរួមគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ដល់ភ្ញៀវទេសចរណ៍ និងសាធារណៈ
៦. ក្រុមហ៊ុនត្រូវរំលេចនូវលក្ខណៈ ឬរចនាបថខ្មែរ ដូចជាសំណង់អគារ អក្សរ និងស្លាកសញ្ញាផ្សេងៗ
៧.ក្រុមហ៊ុនម្ចាស់គម្រោងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សាធ្វើការកែសម្រួល និងដាក់ធាតុចូលបន្ថែមទៅក្នុងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញនេះ ទៅតាមមតិអង្គប្រជុំដែលបានលើកឡើង។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោក លោកស្រីតំណាងអគ្គនាយកដ្ឋាន និងអគ្គលេខាធិការដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ជាច្រើនរូបចូលរួម។