វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​លើក​កម្ពស់​សុខភាព​នៅ​តាម​សាលារៀន


រាជធានី​ភ្នំពេញ ៖ វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​លើក​កម្ពស់​សុខភាព​នៅ​តាម​សាលារៀន ក្នុង​គោល​បំណង​ផ្ដោត​សំខាន់​ទៅ​លើ​គោលការណ៍​ណែនាំ និង​ក្រប​ខណ្ឌ​សកម្មភាព​សំខាន់ៗ​នៃ​ការ​លើក​កម្ពស់​សុខភាព ដើម្បី​ប្រែក្លាយ​ជា​សាលារៀន​គំរូ ក្នុង​ការ​លើក​កម្ពស់​សុខភាព។ ដំណើរ​ការ​លើក​កម្ពស់​សាលារៀន​គឺ​ចាំ​បាច់​ត្រូវ​ពិចារណា​លើ​កត្តា​សំខាន់ៗ​ជា​ច្រើន​ដូចជា ការ​រៀប​ចំ​គោលនយោបាយ សុខុមាលភាព​សាលារៀន បរិយាកាស​រូបវន្ត​នៅ​សាលារៀន បរិយាកាស​សង្គម សាលារៀន​ផ្សារភ្ជាប់​ទៅ​នឹង​សហគមន៍ និង​សេវា​ថែទាំ​និង​លើក​កម្ពស់​សុខុមាលភាព​នៅ​ក្នុង​សាលារៀន កត្តា​ទាំងនេះ​នឹង​ជួយ​ពង្រឹង នឹង​បង្ក​ភាព​ងាយស្រួល​ឲ្យ​សាលារៀន​បន្ត​កែ​លម្អ​សមត្ថភាព​របស់​ខ្លួន និង​ធានា​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន។

វគ្គ​បណ្ដុះបណ្ដាល​នេះ ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព លោក​ជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ព្រឹក​ថ្ងៃ​ពុធ ១១​រោច ខែ​ពិសាខ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា៕