នាយករដ្ឋមន្រ្តីវៀតណាមស្នើសុំសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញទំហំពាណិជ្ជកម្មប្រទេសទំាងពីរឲ្យបាន៥ពាន់លានដុល្លារនៅឆ្នាំ២០២០


ឯកឧត្តម ង្វៀន ស៊ុនហ្វុក (NGUYEN XUAN PHUC) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានស្នើសុំសម្តេចអគ្គមហាពញាចក្រីហេង សំរិន ជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងវៀតណាម ឱ្យបានដល់៥ពាន់លានដុល្លារដូចជាគ្រោងទុករបស់រដ្ឋាភិបាល ប្រទេសទំាងពីរថានឹងសម្រេចឲ្យបាននៅឆ្នាំ២០២០នោះ។

ឯកឧត្តមនាយករដ្ឋមន្រ្តីបានលើកឡើងបែបនេះ នៅក្នុងឱកាសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាចូលជួបសម្តែងការគួរសមនៅវិមានរដ្ឋាភិបាលនាទីក្រុងហាណូល នារសៀលថ្ងៃទី២៩ ខែឧសភាឆ្នាំ២០១៩។ ឯកឧត្តម ង្វៀន ស៊ុនហ្វុក ចាត់ទុកដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភានៅក្នុងប្រទេសវៀតណាម ជាឱកាសល្អចំពេលដែលសេដ្ឋកិច្ចប្រទេសទំាងពីរមានការរីកចម្រើនដូចគ្នា។

ជាមួយគ្នានេះ ឯកឧត្តម សម្តែងក្តីរីករាយ ដែលបានឃើញទំនាក់ទំនង រវាងរដ្ឋសភាប្រទេសទំាងពីរ មានកិច្ចសហប្រតិបត្តិល្អ រឹងមាំរីកចម្រើនឥតឈប់ឈរ និងបានអបអរជាមួយកម្ពុជាដែលទទួលបាន សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍគួរជាទីរីករាយ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជម្រាបឯកឧត្តមនាយករដ្ឋមន្រ្តីពីលទ្ធផលនៃដំណើរទស្សនកិច្ច របស់គណៈប្រតិភូនៅក្នុងប្រទេសវៀតណាម ពិសេសលទ្ធផលនៃជំនួបទ្វេភាគី រវាងរដ្ឋសភាប្រទេសទាំងពីរ វៀតណាម-កម្ពុជា ទទួលបានផ្លែផ្កាជាច្រើន ក្នុងការរួមចំណែកបន្តរឹតបន្តឹងទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងស្ថាប័ននីតិប្បញ្ញត្តិទំាងពីរ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ រដ្ឋសភាទាំងពីរ បានចុះហត្ថលេខាលើការធ្វើបច្ចុប្បន្នភាពអនុស្សារណៈយោគយល់គ្នា សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ពិសេសសភាវ័យក្មេងនិងយេនឌ័រ ព្រមទាំងកម្រិតបច្ចេទេសនៃអគ្គលេខាធិការដ្ឋានទាំងពីរ។ រដ្ឋសភាទាំងពីរ ជានិច្ចជាកាលតែងបានសហការ និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តំបន់ និងអន្តរជាតិ ៕