អភិបាលខេត្តព្រះវិហារ និងខេត្តចម្ប៉ាសាក់ ឡាវ បានឯកភាពរួមគ្នាលើកំណត់ហេតុលើកទី០៨ស្តីពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនៃខេត្តទាំងពីរ


ថ្នាក់ដឹកនាំខេត្តព្រះវិហារ ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត ទទួបជួបស្វាគមន៍ប្រតិភូអភិបាលខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដឹកនាំដោយឯកឧត្តម ប៊ុនថង ឌីវីសៃ អភិបាលខេត្តចម្ប៉ាសាក់ស្តីពីការចុះហត្ថលេខារួមគ្នាលើកំណត់ហេតុប្រជុំលើកទី៨ស្តីពីកិច្ចសហប្រតិបត្តិការរវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចម្ប៉ាសាក់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលរៀបចំឡើងនៅសាលាខេត្តព្រះវិហារ នារសៀលថ្ងៃពុធ ១១រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចានដា អភិបាលខេត្តបានលើកឡើងថា កិច្ចសហប្រតិបត្តិការនាឱកាសនេះកើតចេញពីប្រមុខរាជរដ្ឋាភិបាលទាំងពីរក៏ដូចជាគោលនយោបាយដ៏ត្រឹមត្រូវ និងឆ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាំមកនូវសន្តិភាព និងកិច្ចសប្រតិបត្តិជាមួយប្រទេសជិតខាង ជាពិសេសរវាងខេត្តនៅតាមបណ្តោយព្រំដែន។

លើសពីនេះទៅទៀតយោងតាមខ្លឹមសារនៃកំណត់ឯកភាពរួមគ្នានាពេលនេះគឺពិតជាមានសារសំខាន់នៃកិច្ចសហប្រតិបត្តិការរួមគ្នាលើគ្រប់វិស័យ ដែលឆ្លុះបញ្ចាំង ការលើកកម្ពស់រក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនការទប់ស្កាត់បង្ក្រាបឧក្រិដ្ឋឆ្លងដែន ទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀនផងដែរ។ លើសពីនេះរួមគ្នាពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការល្អលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ចរវាងខេត្តទាំងពីរថែមទៀតផង។

ជារួមអភិបាលខេត្តទាំពីរបានឯកភាពរួមគ្នាលើកំណត់ហេតុលើកទី០៨ នេះផ្តោតសំខាន់លើ៖ ១.កិច្ចសហការរក្សាសន្តិសុខសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែន ការពង្រឹងកិច្ចសហប្រតិបត្តិការចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហការកាន់តែល្អប្រសើរបន្ថែមទៀត លើការងាររក្សាសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ និងបង្ការទប់ស្កាត់បង្រ្កាបឧក្រិដ្ឋកម្មឆ្លងកាត់ព្រំដែន ទប់ស្កាត់ការជួញដូរមនុស្ស និងគ្រឿងញៀន។ ២.កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងសង្គមកិច្ច ការសហការរួមគ្នាលើវិស័យពាណិជ្ជកម្ម ធនធានទឹក កសិកម្ម ទេសចរណ៍ រ៉ែ និងថាមពល សាធារណការ និងដឹកជញ្ជូន វប្បធម៌និងសុខាភិបាលផងដែរ៕