ព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះជួបជាមួយមន្ត្រី និង អាជ្ញាធរ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ នៅសាលាខណ្ឌ ដើម្បីសួរសុខទុក្ខ និងស្វែងយល់ពីការអនុវត្តន៍កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ផែនការការងាររបស់សាលារាជធានី និងរបស់សាលាខណ្ឌ ព្រមទាំងដើម្បី ក្តាប់សភាពការណ៍ការងារសន្តិសុខ សណ្តាប់ធ្នាប់សង្គម ការងារបំរើសេវាសាធារណៈជូនប្រជាជន … នៅក្នុងភូមិសាស្រ្តខណ្ឌ…។
នាឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានជម្រាបជូនអំពីសភាពការណ៍រីកចម្រើនរបស់ប្រទេសជាតិ ដែលជាអាទិ៍មានសភាពការណ៍សេដ្ឋកិច្ចនយោបាយ និងសន្តិសុខសង្គម ដែលកំពុងមានការវិវត្ត ពីមួយថ្ងៃទៅមួយថ្ងៃ…។
សម្តេចភក្តី ក៏បានផ្តល់នូវការក្រើនរំលឹកជូនចំពោះមន្ត្រី អាជ្ញាធរខណ្ឌ សូមបន្ត ៖
– យកចិត្តទុកដាក់អោយកាន់តែខ្លាំងក្លាក្នុងការបំពេញការងារតាមគ្រប់មុខជំនាញ ដោយផ្តោតលើការពាររក្សាសុខសុវត្ថិភាពសណ្តាប់ធ្នាប់ក្នុងសង្គម ព្រមទាំងការងារបម្រើសេវាសាធារណៈជូនប្រជាជនអោយកាន់តែល្អប្រសើរឡើងថែមទៀត…។
– យកចិត្តទុកដាក់ លើការអភិវឌ្ឍន៍ ថែរក្សាការពារ ពង្រឹងពង្រីករាល់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដូចជា ផ្លូវ ថ្នល់ សាលារៀន ប៉ុស្តិសុខភាព …ដែលមាននៅក្នុងភូមិសាស្ត្រខណ្ឌ …ដោយរួមសហការជាមួយផ្នែកជំនាញ ដោះស្រាយការលំបាករបស់ប្រជាជន និងអប់រំ បំផុសចលនាប្រជាជនឲ្យចូលរួមដោយភ្ញាក់រលឹក … និងជាពិសេសគឺការពង្រឹងស្មារតី រក្សាអោយបានសាមគ្គីភាព ក្នុងជួរមន្រ្តីរបស់ខណ្ឌ និងនៅថ្នាក់មូលដ្ឋាន សង្កាត់ភូមិ អោយកាន់តែរឹងមាំ និងមិនមានការរើសអើង…។
សម្តេចភក្តី សាយ ឈុំ ចុះជួបមន្ត្រីនិងអាជ្ញាធរ ខណ្ឌពោធិ៍សែនជ័យ
