សម្តេចពិជ័យសេនា ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំលកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅសិង្ហបុរី


(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក Jom Chipman អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន អន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅប្រទេសសិង្ហបុរី។

កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសាំងហ្គីឡា ប្រទេសសិង្ហបុរី។ នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចពិភាក្សា លើប្រធានបទសំខាន់ៗដែលពាក់ព័ន្ធបញ្ហាសន្តិសុខក្នុងតំបន់។

នៅក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ក៏នឹងមានកិច្ចពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសមួយចំនួនផងដែរ។

សម្រាប់ដំណើរទៅចូលរួមក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញអមដំណើរដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ អ៉ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋានការបរទេស, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ យ៉ាងច្រើនផងដែរ៕