អភិបាលខេត្តរតនគិរី ចុះសួរសុខទុក្ខអ្នកកើតជំងឺក្រុនឈាម


នៅថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានអញ្ជើញចុះទៅសួរសុខទុក្ខ កុមារ និង ប្រជាពលរដ្ឋដែលកើតជំងឺគ្រុនឈាមកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ដែលជំងឺនេះកំពុងផ្ទុះឡើងយ៉ាងខ្លាំង ក្នុងរយៈពេល ៥ថ្ងៃមកហើយ។

ក្នុងឱកាសនោះ ឯកឧត្តម ថង សាវុន បានអំពាវនាវចំពោះមន្ទីរ អង្គភាពជំនាញ អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្ត រួមគ្នាចាត់វិធានការទប់ស្កាត់ការផ្ទុះ និង ការឆ្លងរាលដាល នៃជំងឺគ្រុនឈាមឱ្យកាន់តែខ្លាំងក្លា ។ ឯកឧត្តម អភិបាលខេត្តរតនគិរី ក៏បានសម្តែងនូវការកោតសរសើរចំពោះមន្ត្រីសុខាភិបាលខេត្ត ដែលកន្លងមកបានខិតខំអនុវត្តន៍វិធានការទប់ស្កាត់ ព្យាបាល និង ឆ្លើយតបទៅនឹងការរីករាលដាលជំងឺនេះទាន់ពេលវេលា។ ទន្ទឹមគ្នានេះឯកឧត្តម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាមនេះ តាមរយៈវិធានការដូចជា លាងសម្អាតពាងទឹក អាងទឹករៀងរាល់សប្តាហ៍ សម្អាតបរិស្ថានជុំវិញផ្ទះ កាប់ឆ្ការព្រៃ ប្រមូលសំរាម សម្បកកង់ឡាន និង វត្ថុដក់ទឹកផ្សេងៗ ជីកកប់ ឬដុតចោល ស្លៀកពាក់ខោអាវវែងៗ ដេកក្នុងមុង ប្រើប្រាស់ធូបមូស ឬថ្នាំលាបការពារមូស ឱ្យបានត្រឹមត្រូវ។

ក្នុងរយៈពេល ០៥ថ្ងៃមកនេះ ជំងឺគ្រុនឈាម កំពុងផ្ទុះឡើងនៅតាមបណ្តាមូលដ្ឋាន ភូមិ ឃុំ ស្រុក មួយចំនួន នៃខេត្តរតនគិរី គួរឱ្យកត់សម្គាល់ ក្នុងនោះមានការផ្ទុះជំងឺឡើង ប្រមាណ ៨៧ករណីនៅទូទាំងខេត្ត ដែលធ្វើឱ្យមន្ទីរសុខាភិបាលខេត្តប្រកាសអាសន្ន ៕