អភិបាលខេត្តសៀមរាប អបអរសាទរ ការទទួលបានពានមាស ជ័យលាភីពីការប្រគួតស្នាដៃចុងភៅឆ្នើម ក្នុងកម្មវិធី Best Asian Gourmet Challenge របស់សមាគមចុងភៅកម្ពុជា ដែលបានប្រព្រឹត្តិទៅកន្លង នៅទីក្រុងបាងកក ប្រទេសថៃ


ឯកឧត្តម ទៀ សីហា បានអនុញ្ញាតឲ្យប្រតិភូសមាគមចុងភៅកម្ពុជា ចូលជួបសម្តែងការគួសម នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាខេត្តសៀមរាប រួមជាមួយនឹងទឹកប្រាក់ចំនួន ៤លានរៀល ដែលឯកឧត្តមបានឧបត្ថម្ភជូនដល់សមាគមចុងភៅកម្ពុជា ។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបង្ហាញនូវក្តីមោទនភាពក្រៃលែង ចំពោះការនាំមកនូវកិត្តិយសនិងមោទនភាពជាតិរបស់សមាគមចុងភៅកម្ពុជា ដែលបានទទួលពានជ័យលាភី និងមេដាយគ្រប់កម្រឹតថ្នាក់ជាច្រើនទៀត ក្នុងការប្រឡងប្រគួតប្រជែងរសជាតិម្ហូបអាស៊ី ( Best Asian Gourmet Challenge ) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីពេលកន្លងមកថ្មីៗនេះ ។

ឯកឧត្តមមានប្រសាសន៍ថា វាមិនអាស្រ័យទៅលើទំហំនៃទឹកប្រាក់ទាំងនេះទេ តែអ្វីជាខាន់គឺទឹកចិត្តនៃការចូលរួម ដែលក្រុមអ្នកធ្វើម្ហូបរបស់សមាគមចុងភៅកម្ពុជា បានលះបង់កាតព្វកិច្ចគ្រួសារ បំពេញភារកិច្ចតំណាងឲ្យជាតិទាំងមូល ឆ្លងកាត់បញ្ហាប្រឈមជាច្រើន ដើម្បីជ័យលាភីដ៏មានតម្លៃនេះ ។ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះសមាគមចុងភៅកម្ពុជា ដែលបានជ្រើសរើសយកម្ហូបខ្មែរពិសេសៗចំនួន១០មុខ ទៅចូលរួមក្នុងការប្រកួតនោះ ។ ឯកឧត្តមបញ្ជាក់ថា អ្វីដែលត្រូវបានទទួលជ័យលាភីនេះ វាមិនត្រឹមតែកើតចេញពីទេពកោសល្យជំនាញវិជ្ជាជីវៈជាអ្នកធ្វើម្ហូបប៉ុណ្ណោះទេ តែការជ្រើសរើសមុខម្ហូបវាក៏ជាចំណែកនៃការទទួលបានពិន្ទុល្អនោះផងដែរ ។ ក៏ប៉ុន្តែយ៉ាងណាក៏ដោយ ជ័យលាភីនេះគឺសំដៅទៅលើរស់ជាតិនៃម្ហូបខ្មែរ ក្រោមការចម្អិនផ្សំរសជាតិ ដោយអ្នកជំនាញធ្វើម្ហូបរបស់សមាគមចុងភៅកម្ពុជា។ ក្នុងនោះឯកឧត្តមក៏បានរំលឹកផងដែរ ពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ ២០១៤ ដែលជាឆ្នាំទី២នៃការបង្កើតព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រោមស្នាដៃផលិតដោយសមាគមចុងភៅកម្ពុជានូវនំអន្សមយក្ស ត្រូវបានចុះក្នុងបញ្ជីកំណត់ត្រាឯកទគ្គកម្មពិភពលោក ។

តាមសេចក្តីរាយការណ៍របស់ លោក ឡុង ប៊ុនហោ ប្រធានសមាគមចុងភៅកម្ពុជា និង ជាអ្នកដឹកនាំចូលរួមការប្រកួតនេះ បានឲ្យដឹងថា មុខម្ហូបខ្មែរចំនួន១០មុខ ត្រូវបានដាក់ចូលក្នុងការប្រគួតនេះ មុខម្ហូបទាំងនោះរួមមាន ញ៉ាំក្រូចថ្លុងជាមួយបង្គារទន្លេ សម្លរប្រហើរត្រីឆ្អើរ អាម៉ុកត្រី ឆាកង្កែបម្រេចកំពត គ្រំបំពងជ្រក់ស្វាយ សាច់គោអាំងទឹកប្រហុក ការីសាច់ មាន់ ខប៉េងប៉ោះ បាយសំរូបសណ្តែកខ្មៅ និង បង្អែមសង់ខ្យាល្ពៅ ។

ក្នុងនោះដែរលោក ចាន់ សុភា ស្ថាបនិកសមាគមចុងភៅកម្ពុជា ក៏បានបង្ហាញឲ្យដឹងដែថា ចាប់តាំងពីបានបង្កើតឡើង សមាគមចុងភៅកម្ពុជា នាឆ្នាំ២០១៣ សាមាគមចុងភៅកម្ពុជា បានចេញទៅប្រគួតធ្វើម្ហូបក្នុងកម្មវិធីខ្នាតអន្តរជាតិនៅក្រៅប្រទេសចំនួន ៧លើកមកហើយ ក្រៅពីទទួលបានមេដាយមាស មេដាយប្រាក់និងសំរិទ្ធជាច្រើនគ្រឿង សមាគមចុងភៅកម្ពុជាទទួលបានពានមាសជ័យលាភីចំនួន២ទៀតផង ។ លោកបន្តឲ្យដឹងទៀតថា កន្លងមកនេះក្រៅពីការបង្កើតឡើងនូវព្រឹត្តិការណ៍និងសកម្មភាពនានាជាច្រើននៅក្នុងខេត្ត ដែលទាក់ទងទៅនឹងការផ្សព្វផ្សាយម្ហូបខ្មែរ ។

លោកបានបន្តឲ្យដឹងថា នៅពេលខាងមុខនេះ សមាគមចុងភៅកម្ពុជា មានគម្រោងរៀបចំព្រឹត្តិការណ៍ធំៗចំនួន២ទៀត គឺនៅក្នុងខែតុលាឆ្នាំ២០១៩ និង ដោយឡែកនៅចុងខែមេសា ឆ្នាំ២០២០ ដែលព្រឹត្តិការណ៍ដ៏ធំនោះនឹងត្រូវធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត មានវត្តមានសមាជិកសមាគមចុងភៅពិភពលោកជាច្រើនប្រទេសត្រូវបានចូលរួម ហើយមានភ្ញៀវអ្នកចូលរួមផ្សេងទៀតមិនតិចជាង១ម៉ឺននាក់នោះឡើយ ។

ក្នុងឱកាសអបអរសាទរការទទួលបានពានមាស ជ័យលាភីពីការប្រគួតស្នាដៃចុងភៅឆ្នើម ក្នុងកម្មវិធី Best Asian Gourmet Challenge របស់សមាគមចុងភៅកម្ពុជា ក៏មានធ្វើពិធីដង្ហែនូវ ពានមាសជ័យលាភី តាមក្បួនរថយន្ត ម៉ូតូ ដោយមានសមាជិកសមាគមចុងភៅកម្ពុជា មន្ត្រីរាជការ គរុសិស្ស សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សិស្សានុសិស្ស ប្រមានជាង ១ពាន់នាក់ចូលរួម ដោយអមទៅដោយម៉ូតូប៉ូលីស និង ក្រុមឆៃយ៉ាំកំដរ ដង្ហែទៅតាមបណ្តាដងវិថីនានាក្នុង ក្រុងសៀមរាប ក្នុងការបង្ហាញភាពជោយជ័យរបស់សមាគមចុងភៅកម្ពុជា ជូនដល់ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងមហាជនក្នុងខេត្ត តាមរយៈនៃការចូលរួមប្រគួតប្រជែងនោះ បណ្តាប្រទេសក្នុងតំបន់ត្រូវបានចាប់អារម្មណ៍ចំពោះរសជាតិម្ហូបខ្មែរ ៕