ប្រទេសស្វីសនឹងបន្តជួយដល់ការបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥


អាជ្ញាធរមីន៖ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានអនុញ្ញាតឲ្យលោកស្រី Carin Salerno នាយកទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ប្រចាំនៅកម្ពុជា និងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសកម្មភាពមីននៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបនេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល និងប្រជាជនស្វីស បានចូលរួមចំណែកផ្តល់ជំនួយថវិកាគាំទ្រដល់ការបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដែលកំពុងអនុវត្តដោយអាជ្ញាធរមីន ដោយមានការគាំទ្របច្ចេកទេសពីអង្គការ UNDP។

លោកស្រី Carin Salerno បានមានប្រសាសន៍ថា ប្រទេសស្វីសនឹងបន្តផ្តល់ថវិកាប្រមាណ ៦លានដុល្លារសហរដ្ឋ អាមេរិកគាំទ្រដល់ការបោសសម្អាតមីននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីឆ្នាំ២០២០ ដល់ ឆ្នាំ២០២៥ បន្តទៀត។

ចាប់តាំងពីឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០១៩នេះ ប្រទេសស្វីសបានផ្តល់ថវិកាគាំទ្រដល់ការបោសសម្អាតមីនប្រមាណជាង ៧លានដុល្លារសហរដ្ឋអាមេរិក ដែលបានផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋក្រីក្រនៅតាមសហគមន៍ ដើម្បីធ្វើកសិកម្ម សាងសង់លំនៅដ្ឋាន និងកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន៕