សម្តេច​តេជោ​៖ ប្រជាជន​វណ្ណៈ​កណ្តាល​កើនឡើង​ធ្វើ​ឱ្យ​មានលទ្ធភាព​ទិញ​លំនៅ​ដ្ឋាន​កាន់តែ​ច្រើន


សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ បាន​ឲ្យដឹង​ថា​ ប្រជាជន​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ កំពុង​កើនឡើង​វណ្ណៈ​កណ្តាល​គួរឲ្យ​កត់សម្គាល់​ដែល​បង្ក​ឲ្យ​ពួកគេ​មានលទ្ធភាព​ទិញ​លំនៅ​ដ្ឋាន​សម្រាប់​រស់នៅ​កាន់តែ​ច្រើន​។

សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅក្នុង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ផ្នែក​សុខាភិបាល​មក​ពីសា​កល​វិទ្យាល័យ​ពុទ្ធិ​សាស្ត្រ​សរុប​ប្រមាណ​ ១,៣៥៦នាក់​ ដែល​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​នៅ​ថ្ងៃទី៦​ ខែមិថុនា​ ឆ្នាំ២០១៩​ បាន​ឲ្យដឹង​ថា​ ប្រជាពលរដ្ឋ​មិន​ត្រឹមតែ​មានលទ្ធភាព​ទិញ​លំនៅ​ដ្ឋាន​ប៉ុណ្ណោះទេ​ ថែមទាំង​មានលទ្ធភាព​ទិញ​រថយន្ត​គ្រប់​ប្រភេទ​ជាច្រើន​សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ​ទៀតផង​ ដែល​ខុសកាល​ពីមុន​មិន​មានលទ្ធភាព​ដូច្នេះ​ទេ​។

សម្តេច​បន្ត​ថា​ “ការ​កសាង​បុរី​ ផ្ទះល្វែង​ និង​លំនៅ​ដ្ឋាន​ផ្សេង​ៗបាន​នឹង​កំពុង​មានការ​រីកចម្រើន​គ្រប់​ទីកន្លែង​ ដើម្បី​ឆ្លើយ​តទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​កើនឡើង​នូវ​វណ្ណៈ​កណ្តាល​នេះ​ផង​ដែរ​”។

ឯកឧត្តម ប៉ែន​ សុផល​ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​បាន​ថ្លែង​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ជាមួយ​នឹង​កំនើន​សេដ្ឋកិច្ច​ នគរូបនីយកម្ម​ក៏បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ ព្រោះ​តាម​ការសិក្សា​របស់ក្រ​សួង​អំពី​ ក្រប​ខ័ណ្ឌ​យុទ្ឋ​សាស្រ្ត​អភិវឌ្ឍន៍​ទីក្រុង​នៅ​កម្ពុជា​បាន​រក​ឃើញថា​ ចំនួន​ប្រជាជន​រស់នៅ​រាជធានី​ ក្រុង​ និង​ទីប្រជុំជន​នៅ​ឆ្នាំ២០១៤​ មាន​ចំនួន៤,៥លាន​នាក់​ ស្មើនឹង២៧,១ភាគរយ​ និង​បន្ត​កើនឡើង​ដល់ ៧,៩២លាន​នាក់​នៅ​ឆ្នាំ២០៣០​ ស្មើនឹង ៤៤​ភាគរយ​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប​។

តាម​ទិន្នន័យ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញថា​ បើ​គិត​ចាប់ពី​ឆ្នាំ២០១៥​ ដល់២០៣០​ តម្រូវការ​លំនៅ​ដ្ឋាន​សម្រាប់​រាជធានី​ ក្រុង​ និង​ទីប្រជុំជន​មាន​ប្រមាណ៨០ម៉ឺន​លំនៅ​ដ្ឋាន​ ដែល​គិតជា​មធ្យម​មាន​តម្រូវការ​ប្រមាណ៥ម៉ឺន​លំនៅ​ដ្ឋាន​ក្នុង​មួយឆ្នាំ​។

លោក​ច្រឹក​ សុ​ខនីម​អគ្គនាយក​ក្រុមហ៊ុន​ Century21​ Mekong​ បាន​ថ្លែង​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​នៅតែ​មាន​ភាពល្អ​ប្រសើរ​ ដោយសារ​កត្តា​សំ​ខាន់​ៗមួយចំនួន​ដូចជា​ កំនើ​នប្រា​ក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ កំនើ​នប្រ​ជា​សាស្រ្ត​កើនឡើង​ក្នុង​ទីក្រុង​ ការ​កើនឡើង​នូវ​តម្លៃ​ដីធ្លី​ ធ្វើឲ្យ​អ្នកមាន​ដីធ្លី​ក្នុង​ទីក្រុង​បាន​លក់​ចេញ​ ហើយ​ទិញ​លំនៅ​ដ្ឋាន​នៅ​ជាយក្រុង​ ឬតាម​បុរី​នានា​ និង​ការ​គាំទ្រ​ឥណទាន​ពី​ធនាគារ​នានា​។

លោក​បន្ត​ថា​ “យើង​ឃើញថា​ទីផ្សារ​លំនៅ​ដ្ឋាន​នៅ​តាម​បុរី​នានា​ មាន​សកម្មភាព​ទិញ​លក់​កើនឡើង​ជាប្រចាំ​ ទាំង​ផ្ទះ​ថ្មី​ និង​ផ្ទះ​ទី២ដែល​អ្នកទិញ​លក់​យកចំណេញ​ឬលក់​ចេញ​ដើម្បី​ផ្លាស់​ប្តូរ​ទីតាំង​ថ្មី​”៕