ក្រុមការងារថ្នាក់ជាតិត្រូវសហការជាមួយអាជ្ញាធរដែនដីបន្តដោះស្រាយសំណូមពរតម្រូវការនិងចាំបាច់ជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា


កំពង់ឆ្នាំងៈ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទនិង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានជំរុញបែបនេះនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ ក៏ឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ដើម្បីត្រួត
ពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

លោកជំទាវ ម៉ាត់ ម៉ារ៉ា បានមានប្រសាសន៍បន្តថាៈដើម្បីគាំទ្រ និង រួមចំណែកជម្រុញការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណ ដំណាក់ការទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោល
នយោបាយ និង កម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ។ រាជរដ្ឋាភិបាលបានសម្រេចចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាព នៅគ្រប់មូលដ្ឋានទូទាំប្រទេស។

ឯកឧត្តមៈហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំងនិងជាអនុប្រធានក្រុមការងារចុះស្រុកកំពង់ត្រឡាច បានបញ្ជាក់ថាៈ ក្រុមការងារថ្នាក់ជាតិ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយសំណូមចាំបាច់និងសំណូមពរតម្រូវការកាន់តែសកម្មជាងមុនជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលា៕