ឯកឧត្តម អ៊ាង សុផល្លែត ពិសានំបញ្ចុកសាមគ្គីជាតិ ជាមួយយុវជន និងសិស្ស នៅវិទ្យាល័យសម្តេច ហេង សំរិន ចក


(អូររាំងឪ-ត្បូងឃ្មុំ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ ក្នុងពិធីជួបជុំពិសានំបញ្ចុកសាមគ្គីជាតិ ជាមួយក្រុមការងារ យុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យសម្តេច ហេង សំរិន ចក ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីការស្វាគមន៍ពីលោក ម៉ៅ ឌុង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ ឯកឧត្តម អ៊ាង សុផល្លែត បានលើកឡើងថា ការរៀបចំពិធីហូបនំបញ្ចុកនេះ គឺដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព សម្រាប់មាតុភូមិកម្ពុជាទាំងមូល ក្រោមដំបូលសន្ដិភាព ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម បានបញ្ជាក់ផងដែរថា កម្ពុជាឆ្លងកាត់ប្រវត្តិសាស្រ្តជូរចត់ ទទួលរងនូវសង្រ្គាមវិនាសកម្ម ជាពិសេសរបបកម្ពុជាប្រជាធិបតេយ្យ ដែលពួកខ្មែរក្រហមបានធ្វើទារុណកម្ម បិទសិទ្ធិសេរីភាព ញ៉ាំទឹកបបរ ធ្វការងារបាក់កម្លាំង ធ្វើទារុណកម្ម និងកាប់សម្លាប់ប្រជាជនស្លូតត្រង់អស់រាប់លាននាក់។ ឯកឧត្តម អ៊ាងសុផល្លែត បានបន្តថា បន្ទាប់មកចាប់ពីនៅថ្ងៃជ័យជំនះ ០៧ មករា ឆ្នាំ១៩៧៩ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្ដេចតេជោនាយករដ្ឋមន្រ្តី បានខិតខំកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ពីបាតដៃទទេរហូត រហូតដល់មានការរីកចំរើនគ្រប់វិស័យ និងធ្វើឲ្យពិភពលោកទទួលស្គាល់ ពីការីកចម្រើនរបស់ប្រទេសកម្ពុជា ហើយពលរដ្ឋមានសិទ្ធិពេញលេញ ក្នុងការរស់នៅ អភិវឌ្ឍន៍ ជីវភាពនៅក្នុងប្រទេសដែលមានសន្តិភាព។
សូមបញ្ជាក់ថា ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ រួមគ្នារៀបចំកម្មវិធីហូបនំបញ្ចុក នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩នេះ៕