ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មទទួលជួបនាយកប្រតិបត្តិនៃក្រុមប្រឹក្សាឧស្សាហកម្មអន្តរជាតិនៃប្រទេសស៊ុយអែត


នៅរសៀលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានទទួលជួបលោក ចូណាស បកគ្លីន (Jonas Borglin) នាយកប្រតិបត្តិនៃក្រុមប្រឹក្សាឧស្សាហកម្មអន្តរជាតិនៃប្រទេសស៊ុយអែត។
នៅក្នុងកិច្ចប្រជុំនេះ លោក ចូណាស បកគ្លីន បានឲ្យដឹងថាក្រុមប្រឹក្សាឧស្សាហកម្មអន្តរជាតិនៃប្រទេសស៊ុយអែត ជាអង្គការមិនស្វែងរកចំណេញមួយ ដំណាងឲ្យក្រុមហ៊ុនធំៗជាច្រើន ជាពិសេសក្រុមហ៊ុននាំចេញ និងឧស្សាហកម្មរបស់ប្រទេសស៊ុយអែត ដែលមានវត្តមាននៅក្នុងទីផ្សារពិភពលោក។ ការមកដល់ប្រទេសកម្ពុជានៅពេលនេះ គឺលោកមានគោលបំណងស្វែងយល់បន្ថែមពីប្រទេសកម្ពុជា ដូចជាការអភិវឌ្ឍវិស័យឯកជន ទេសចរណ៍ និងចាប់ផ្ដើមអាជីវកម្មក្រោមក្របខណ្ឌព័ត៌មានវិទ្យា និងការឆ្នៃប្រឌិតបច្ចេកវិទ្យា ដែលលោកយល់ថាប្រទេសកម្ពុជាមានសក្ដានុពលច្រើន។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី យល់ស្របជាមួយលោក ចូណាស បកគ្លីន ហើយឯកឧត្តម បានជម្រាបទៀតថា ក្រោមចក្ខុវិស័យនេះប្រទេសកម្ពុជាបានរៀបចំគោលនយោបាយអភិវឌ្ឍឧស្សាហកម្ម ២០១៥-២០២៥ ដែលមានគោលបំណងអភិវឌ្ឍប្រទេសកម្ពុជាពីប្រទេសអភិវឌ្ឍតិចតួចទៅជាប្រទេសអភិវឌ្ឍ។ ចំណុចចំបងមួយក្នុងការអភិវឌ្ឍនេះគឺការបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសប្រជាពលរដ្ឋវ័យក្មេងដែលមានសក្ដានុពលខ្ពស់ក្នុងការចូលរួមក្នុងឧស្សាហកម្មទំនើប ដូចជាព័ត៌មានវិទ្យាជាដើម។ ជាមួយនោះដែរ ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់ក្នុងការអភិវឌ្ឍជំនាញតាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បីទ្រទ្រង់វិស័យឧស្សាហកម្មដែលកម្ពុជាបានទទួលការវិនិយោគមួយចំនួនរួចហើយដូចជាក្រុមហ៊ុនកូកា-កូឡា ដែលទើបតែបើករោងចក្រទីពីររបស់ខ្លួន និងរោងចក្រផលិតទុងទឹករថយន្ត ខ្សែភ្លើង គ្រឿងផ្សំរថយន្ដ និងគ្រឿងចក្រដទៃទៀតផងដែរ។ ឯកឧត្តម បន្តទៀតថាវិស័យពាណិជ្ជកម្មតាមអេឡិកត្រូនិក ក៏ជាវិស័យមួយដែលកម្ពុជា ជាពិសេសក្រសួងពាណិជ្ជកម្មកំពុងតែប្រឹងប្រែងក្នុងការរៀបចំឲ្យចប់សព្វគ្រប់ និងចាប់ផ្ដើមអនុវត្ត។ សម្រាប់វិស័យនេះ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមអេឡិកត្រូនិកនឹងរៀបចំចប់នៅចុងខែនេះ ហើយក្រសួងពាណិជ្ជកម្មនឹងជំនុញការអនុវត្តឲ្យបានឆាប់រហ័យ ដើម្បីឲ្យប្រជាពលរដ្ឋកម្ពុជាទទួលបាននូវផលចំណេញតាមរយៈការប្រកបអាជីវកម្មដោយមិនមានដែនកំណត់។
លោក ចូណាស បកគ្លីន ថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ចំពោះមតិណែនាំ ហើយលោកជម្រាបបន្ថែមថាក្រុមប្រឹក្សាលោកមានការតាំងចិត្តខ្ពស់ក្នុងការបង្កើតឲ្យមានទំនាក់ទំនងផ្នែកធុរកិច្ចនៅកម្ពុជា។ ដោយក្រុមប្រឹក្សារបស់លោក មានសមាជិកដែលជាក្រុមហ៊ុនពហុជាតិ និងជាក្រុមហ៊ុននាំមុខគេក្នុងវិស័យជាច្រើន លោកនឹងពាំនាំការយល់ដឹងរបស់លោកទៅចែករំលែកជូនសមាជិក ឲ្យបានយល់ដឹងបន្ថែមពីកម្ពុជា និងដើម្បីឲ្យក្រុមហ៊ុនទាំងនោះមកសិក្សានិងចាប់ជាដៃគូរក្នុងការជ្រោមជ្រែងឧស្សាហកម្មនៅកម្ពុជា។

15370194_1366142220094560_7430964272822008303_o

15370125_1366142080094574_7262528318217642298_o

15384345_1366142056761243_107279613479636936_o

15391343_1366141903427925_5220809766052551582_o

15288437_1366141936761255_6721924731101935785_o

15385279_1366141916761257_8819588223840613547_o

15392850_1366142223427893_2800081615598961582_o