កម្ពុជា​នឹង​រៀបចំ​សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី​ក្រោម​ប្រធានបទ​ «ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-អភិវឌ្ឍន៍​ទីផ្សារ​» នៅ​ថ្ងៃស្អែក


កម្ពុជា​តាមរយៈ​ក្រសួងព័ត៌មាន​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀប​សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី​ លើក​ទី១៦​ នៅ​ខេត្តសៀមរាប​ដែល​ផ្តោត​លើ​ប្រធានបទ​ «ប្រព័ន្ធ​ផ្សព្វផ្សាយ​ឌីជីថល​-អភិវឌ្ឍន៍​ទីផ្សារ​» រយៈពេល​ ២ថ្ងៃ​ ពោល​គឺ​ពី​ថ្ងៃទី១២​-១៣ខែមិថុនា​ឆ្នាំ២០១៩​។

ឯកឧត្តម​ ខៀវ​ កា​ញា​រី​ទ្ធ​ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន​បាន​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​មុន​កិច្ចប្រជុំ​កំពូល​នេះ​ នៅ​ថ្ងៃទី១១ខែមិថុនា​នេះ​ ថា​ ប្រធានបទ​នៃ​កិច្ចប្រជុំ​កំពូល​នេះ​គឺ​មាន​ភាពល្អ​ប្រសើរ​ដែល​អាច​ផ្តល់​ឲ្យ​វឌ្ឍនភាព​ថ្មី​នៃ​ការ​អនុម័ត​បច្ចេកវិទ្យា​ក្នុង​ឧស្សាហកម្ម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ត​ថា​ សន្និសីទ​សារព័ត៌មាន​អាស៊ី​គឺជា​ព្រឹត្តិ​ការណ៍​នៃ​ការ​ផ្សព្វផ្សាយ​អន្តរជាតិ​ដែល​ឈានមុខ​គេ​ដែល​ផ្តល់​ឱកាស​ដល់​អ្នក​ផ្សាយ​អ្នក​អនុវត្ត​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ្នកដឹកនាំ​ឧស្សាហកម្ម​អ្នក​សិក្សា​ស្រាវជ្រាវ​អ្នកជំនាញ​និង​អ្នកបង្កើត​គោលនយោបាយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​ទូទាំង​ពិភពលោក​បាន​ជួប​និង​ពិភាក្សា​អំពី​របៀប​អភិវឌ្ឍន៍​គុណភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងអំឡុងពេល​នៃ​ការប្រកួត​ប្រជែង​ដ៏​ខ្លាំងក្លា​បដិវត្តន៍​បច្ចេកវិទ្យា​ជំនាន់​ទី៤​។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ថែម​ថា​ សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី​ លើក​ទី១៦នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនា​បតី​តេជោ​ ហ៊ុន​ សែន​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី១២ខែមិថុនា​ ផ្តោត​លើ​បញ្ហា​សំ​ខាន់​ៗដូចជា​៖ ផល​ប៉ះពាល់​នៃ​វិស័យ​សារព័ត៌មាន​ក្រោម​ឥទ្ធិពល​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី៤ការ​ប្រយុទ្ធ​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ ការបង្កើត​កម្មវិធី​ដ៏​មានប្រសិទ្ធភាព​ក្នុង​យុគសម័យ​ឌីជីថល​ និន្នាការ​នៃ​បច្ចេកវិទ្យា4K​ ជាដើម​។

សន្និសីទកំពូល​សារព័ត៌មាន​អាស៊ី​ លើក​ទី១៦​ មាន​គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល​ ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ​ និង​អន្តរជាតិ​ចូលរួម​ប្រមាណ៥០០នាក់​ មក​ពី​បណ្ដា​ប្រទេស​ជាង៤០​ នៅក្នុង​តំបន់​និង​ពិភពលោក​មាន​ដូចជា​៖ ថៃ​ ឡាវ​មីយ៉ាន់ម៉ា​ ឥណ្ឌូ​នេ​ស៊ី​ កូរ៉េ​ខាងត្បូង​ សា​ម៉ៅ​ ជាដើម​។

ក្នុងអំឡុងពេល​ចូលរួម​សន្និសីទកំពូល​នេះ​ គណៈប្រតិភូ​ជា​ថ្នាក់ដឹកនាំ​ និង​អ្នកសារព័ត៌មាន​នឹង​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ទៅ​ទស្សនា​សារៈ​មន្ទីរ​សន្តិភាព​នៃ​សម្ម​ភាព​កម្ចាត់​មីន​របស់​ស៊ី​ម៉ាក់​ និង​ប្រាសាទអង្គរវត្ត​ ដើម្បី​ស្វែងយល់​ពី​កិច្ច​ខិតខំ​របស់​កម្ពុជា​ក្នុង​ការបោសសំអាត​គ្រាប់មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ដែល​បន្សល់​ពី​សង្គ្រាម​ និង​មរតក​វប្បធម៌​ដែល​បន្សល់​ពី​បុព្វបុរស​ខ្មែរ​ សម្រាប់​បម្រើ​ដល់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​៕