សម្ដេចតេជោអំពាវនាវដល់កម្មករធ្វើការនៅរោងចក្ររបស់អាម៉េរិកកុំរអើលខ្លួន ថាអនាគតប្រធានាធិបតីអាម៉េរិកនឹងគោលអនុវត្តនយោបាយគាំពារនិយម


ភ្នំពេញ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៦– សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវ ដល់កម្មករ កម្មាការិនីដែលកំពុងធ្វើការនៅរោងចក្រ របស់អាម៉េរិក នៅទីកន្លែងណាក៏ដោយ សូមកុំរអើលខ្លួនទៅនិងការបំផុសរបស់មនុស្សខ្លះដែលថា អនាគតប្រធានាធិបតី ដូណាល់ត្រាំ និងអនុវត្តគោលនយោបាយគាំពារនិយម ហើយអាចនឹងកាត់បន្ថយ ការវិនិយោគចេញក្រៅប្រទេសនោះ។
ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងពិធីសម្ភោធដាក់ ឱ្យដំណើរការជាផ្លូវការ រោងចក្រផលិតភេសជ្ជៈ កូកា កូឡារបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៥ ខែធ្នូឆ្នាំ២០១៦។
ឯកឧត្ដម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ថ្លែងថា ក្រុមហ៊ុនភេសជ្ជៈ កម្ពុជា បានចាប់ផ្ដើមវិនិយោគបង្កើតឡើងវិញនូងរោងចក្រផលិតភេសជ្ជៈ ( កូកា កូឡា )នោឆ្នាំ១៩៩៣។
នៅកាលនោះ ក្រុមហ៊ុនបានវិនិយោគទុនចំនួន ១០លានដុល្លារអាម៉េរិក ដើម្បីដំណើរការផលិតកម្ម អាជីវកម្ម ផលិតទឹកក្រូចចំនួន ០២មុខ គឺ Coca Cola និង Fanta (ជាប្រភេទដប) សម្រាប់ផ្គត់ផ្គង់ ទីភ្សារក្នុងស្រុក ដែលមានតែមួយខ្សែសង្វាក់ផលិតកម្មប៉ុណ្ណោះ និងមានបុគ្គលិក កម្មករចំនួន ១០០នាក់។
ដោយពិនិត្យឃើញនូវសក្ដានុពលនៃសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ក្រុមហ៊ុនភេសជ្ជៈកម្ពុជា បានចាប់យក ឱកាសដែលកំពុងផ្ដល់ភាពអនុគ្រោះ ដល់ការវិនិយោគនៅកម្ពុជា ហើយបានសម្រេចចិត្តធ្វើការបណ្ដាក់ ទុនវិនិយោគ បន្ថែមចំនួន ១០០លានដុល្លារអាម៉េរិក ក្នុងការសាងសង់រោងចក្រថ្មី លើផ្ទៃដីទំហំ ១២,៣ ហិកតា ក្នុងនោះមានអាគារផលិតកម្មរោងចក្រ និងអាគាររដ្ឋបាល ព្រមទាំងអាគារផ្សេងៗទៀត មានទំហំ១៦.០០០ម៉ែត្រក្រឡា ដែលបានសាងសង់ក្នុងរយៈពេល០១ឆ្នាំ។
ខ្សែសង្វាក់ផលិតកម្មថ្មី ដែលបាននិងកំពុងដំណើរការ ដោយប្រើប្រាស់បច្ចេកវិជ្ជាថ្មីទំនើបទាន់សម័យនេះ មានសមត្ថភាពផលិតចំនួន ៥៤.000ដប ក្នុងមួយម៉ោង និងចំនួន ៦០.០០០កំប៉ុង ក្នុងមួយម៉ោង សម្រាប់ផ្គត់ផ្គង់ផលិតផលដល់ទីផ្សារក្នុងស្រុកឱ្យបានគ្រប់គ្រាន់ តាមតម្រូវការរបស់អតិថិជន ដែលចេះតែ កើនឡើង និងបង្កើតការងារចំនួន ៨១៧នាក់ (ស្រីចំនួន ៦១៧នាក់) ក្នុងនោះបម្រើការក្នុងរោងចក្រ ផ្ទាល់មានចំនួន ១១៦នាក់។
សម្ដេចតេជោមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំសប្បាយរីករាយ ដែលបានមកសម្ពោធរោងចក្រ ភេសជ្ជៈ កូកាកូឡា ដែលបានវិនិយោគនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣ ហើយពេលនេះបានបង្កើនទំហំសង្វាក់ ផលិតកម្ម ដោយបានវិនិយោគបន្ថែម ១០០ លានដុល្លារទៀត នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ រោងចក្រនេះបានផ្តល់ការងារដល់ប្រជាពលរដ្ឋយើងជាង ៨១៧ នាក់។ នេះក៏ជាមោទនៈកម្ពុជា ដែលក្រុមហ៊ុនកូកាកូឡាបានដាក់អក្សរខ្មែរលើកំប៉ុងភេសជ្ជៈ។
កូកាកូឡាកម្ពុជា មិនត្រឹមតែបម្រើសេចក្តីត្រូវការក្នុងប្រទេសទេ ប៉ុន្តែក៏អាចនាំចេញទៅបណ្តាប្រទេស អាស៊ានបានទៀតផង។
ទន្ទឹមនឹងផលិតភេសជ្ជៈ ក្រុមហ៊ុនបានរួមចំណែកជួយបណ្តុះបណ្តាលធនធានមនុស្ស និងចូលរួម ផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍នៅកម្ពុជា។សម្ដេចបន្តថា កម្ពុជាមានសក្តានុពល និងនយោបាយមិន រើសអើង ដែលកំពុងទាក់ទាញវិនិយោគទុនបរទេស។
ថ្ងៃនេះខ្ញុំសប្បាយចិត្តណាស់ដែលបានមកសម្ពោធរោងចក្រកូកាកូឡា ទន្ទឹមនឹងដំណឹងកីឡាករ ប៉ាតង់កម្ពុជា ទទួលបានមេដាយមាសពិភពលោក ហើយរូបខ្ញុំក៏បានចៅស្រីទី ១៨ម្នាក់ទៀតផងដែរ។
ខ្ញុំសូមអំពាវនាវទៅកាន់ម្ចាស់ផ្ទះជួលកម្មករ សូមកុំតម្លើងថ្លៃជួលលឿនពេក ដែលបង្កការលំបាក ដល់ជីវភាពកម្មករ។
អាជ្ញាធរ ពាក់ព័ន្ឋនានាត្រូវធ្វើការជាមួយម្ចាស់ផ្ទះជួលកុំអោយតម្លើងតម្លៃ នឹងបន្តជួយតម្លើងប្រព័ន្ឋទឹកភ្លើង ក្នុងតម្លៃទាបសមរម្យដល់កម្មករ។
សូមក្មួយៗកម្មករកម្មការនីចូលរួមថែរក្សាបរិយាកាសការងារអោយបានល្អ ហើយបើមានកិច្ចការអ្វី គឺត្រូវតែពិភាក្សាដោះ ស្រាយដោយសន្តិវិធីជាមួយក្រុមហ៊ុន។នៅថ្ងៃនេះ ខ្ញុំសូមចូលរួមមរណៈទុក្ខ និងសោកស្តាយយ៉ាងខ្លាំងចំពោះ កីឡាករប្រេស៊ីលទាំងអស់ដែលបានទទួលមរណៈភាព នៅក្នុងឧប្បទ្ទេវហេតុធ្លាក់យន្តហោះកាលពីពេលថ្មីៗនេះក្នុងពេលទៅ ចូលរួមប្រកួតនៅប្រទេសកូឡុមប៊ី។
ខ្ញុំសូមអបអរសាទរ និងជូនពរចំពោះក្រុមហ៊ុនកូកាកូឡាបានទទួលជោគជ័យ ដើម្បីចូលរួមដល់កំណើន សេដ្ឋកិច្ចជាតិ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។
នៅក្នុងពិធីនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការព្រមានខ្លាំងចំពោះ ការប្រៀបធៀប ការធ្វើបាតុកម្មរវាងកម្ពុជា-អាមេរិក និងបានស្នើឲ្យអគ្គរដ្ឋទូតអាម៉េរិកប្រចាំនៅកម្ពុជា ក៏ដូចជារដ្ឋាភិបាលអាម៉េរិកផងដែរ កត់ចំណាំទុកនូវ សម្តីរបស់មន្រ្តីសិទ្ធិមនុស្ស និងអង្គការសង្គមស៊ីវិល នៅកម្ពុជាមួយចំនួន ដែលបានចាត់ទុកការបង្រ្កាបបាតុកម្មប្រឆាំងការជាប់ឆ្នោតរបស់លោក ដូណាល់ ត្រាំ ថា ជារឿងត្រឹមត្រូវ និងមិនរំលោភសិទ្ធិមនុស្ស។
សម្តេចតេជោ ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រសិនបើការបង្រ្កាបបាតុកម្មនៅអាមេរិក ជារឿងត្រឹមត្រូវ ដូច្នេះការបង្រ្កាបបាតុកម្មនៅកម្ពុជាក្រោយការបោះឆ្នោត ក៏ជារឿងត្រឹមត្រូវដូចគ្នាដែរ៕