ប្រភពពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន (ខេត្តយូណាន) ឆ្នាំ២០១៩ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «South & Southeast Asia Commodity and Investment Fair (SSACEIF)។
ប្រភពដដែលបានគូសបញ្ជាក់ថា សិក្ខាសាលាស្តីពីការជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍ កម្ពុជា-ចិន (ខេត្តយូណាន) ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើង ដើម្បីផ្លាស់ប្តូរ ព័ត៌មាន និងផ្តល់ឱកាសដល់វិនិយោគិនចិន បានឈ្វេងយល់អំពីសក្តានុពលវិនិយោគ និងកាលានុវត្តភាពធុរកិច្ច នៅតាមប្រទេសនានាក្នុងពិភពលោក រួមទាំងកម្ពុជាដែលជាប្រទេសកិត្តិយស សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ SSACEIF នៅក្នុងឆ្នាំនេះ។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្សព្វផ្សាយអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតពីប្រទេសនេះ សំដៅបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ស្របតាមចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ ឯកឧត្តម បានបង្ហាញវិនិយោគិន និងធុរជនចិន អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយា កាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម នៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់អំពីកំណែទម្រង់ និងវិធានការសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលប្រតិបត្តិការធុរកិច្ចរបស់ផ្នែកឯកជន សំដៅពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសទាក់ទាញការបណ្តាក់ទុនថ្មីៗពីបរទេស លើវិស័យសំខាន់ៗដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។
ឯកឧត្តមក៏បានមានប្រសាសន៍ថា «យើងបានកែសម្រួលនីតិវិធីរដ្ឋបាលជាច្រើន ដើម្បីជួយដល់វិស័យឯកជន ដូចជាលុបបំបាត់កម្រៃគ្រប់គ្រងការនាំចេញ ធ្វើប្រតិភូកម្មសេវា CO ដល់មន្ទីរនៅថ្នាក់ក្រោមជាតិ រំកិលទីតាំងឈរជើងរបស់មន្ត្រីកាំកុងត្រូល និងដាក់ឱ្យដំណើរការច្រកចេញ-ចូលតែមួយជាដើម ដូច្នេះសូមអញ្ជើញមកវិនិយោគនៅកម្ពុជា»៕