សិក្ខាសាលាស្តីពីការជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន (ខេត្តយូណាន) ឆ្នាំ២០១៩


ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យ​ដឹងថា​ កាលពី​ថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ​ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៩​ ឯកឧត្តម​ ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួង​ពាណិជ្ជកម្ម​បាន​អញ្ជើញជាអធិបតី​​ក្នុងសិក្ខាសាលាស្តីពីការជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍កម្ពុជា-ចិន (ខេត្តយូណាន) ឆ្នាំ២០១៩ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «South & Southeast Asia Commodity and Investment Fair (SSACEIF)។​

ប្រភពដដែល​បាន​គូសបញ្ជាក់ថា​ សិក្ខាសាលាស្តីពីការជំរុញធុរកិច្ច វិនិយោគ និងទេសចរណ៍ កម្ពុជា-ចិន (ខេត្តយូណាន) ឆ្នាំ២០១៩ ត្រូវបានរៀបចំឡើង ដើម្បីផ្លាស់ប្តូរ ព័ត៌មាន និងផ្តល់ឱកាសដល់វិនិយោគិនចិន បានឈ្វេងយល់អំពីសក្តានុពលវិនិយោគ និងកាលានុវត្តភាពធុរកិច្ច នៅតាមប្រទេសនានាក្នុងពិភពលោក រួមទាំងកម្ពុជាដែលជាប្រទេសកិត្តិយស សម្រាប់ព្រឹត្តិការណ៍ពិព័រណ៍ SSACEIF នៅក្នុងឆ្នាំនេះ។​

នៅក្នុង​ឱកាសនោះ​ ឯកឧត្តមរដ្ឋលេខាធិការ បានផ្សព្វផ្សាយអំពីកាលានុវត្តភាព និងសក្តានុពលវិនិយោគរបស់កម្ពុជា ដល់សហគមន៍ធុរកិច្ចខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទាក់ទាញការវិនិយោគថ្មីៗបន្ថែមទៀតពីប្រទេសនេះ សំដៅបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ស្របតាមចក្ខុវិស័យរបស់ប្រមុខរដ្ឋាភិបាល នៃប្រទេសទាំងពីរ។

ទន្ទឹមនឹងនេះ​ ឯកឧត្តម ​បានបង្ហាញវិនិយោគិន និងធុរជនចិន អំពីវឌ្ឍនភាពនៃកំណើនសេដ្ឋកិច្ចជាតិ និងកិច្ចប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការលើកស្ទួយបរិយា កាសធុរកិច្ច វិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម​ នៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានគូសបញ្ជាក់​អំពីកំណែទម្រង់ និងវិធានការសំខាន់ៗរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលប្រតិបត្តិការធុរកិច្ចរបស់ផ្នែកឯកជន សំដៅពង្រឹងឯករាជ្យភាព និងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា នៅលើឆាកអន្តរជាតិ ជាពិសេសទាក់ទាញការបណ្តាក់ទុនថ្មីៗពីបរទេស លើវិស័យសំខាន់ៗដែលបានកំណត់នៅក្នុងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល។

ឯកឧត្តម​ក៏បានមាន​ប្រសាសន៍​ថា​ ​«យើងបានកែសម្រួលនីតិវិធីរដ្ឋបាលជាច្រើន ដើម្បីជួយដល់វិស័យឯកជន ដូចជាលុបបំបាត់កម្រៃគ្រប់គ្រងការនាំចេញ ធ្វើប្រតិភូកម្មសេវា CO ដល់មន្ទីរនៅថ្នាក់ក្រោមជាតិ រំកិលទីតាំងឈរជើងរបស់មន្ត្រីកាំកុងត្រូល និងដាក់ឱ្យដំណើរការច្រកចេញ-ចូលតែមួយជាដើម ដូច្នេះសូមអញ្ជើញមកវិនិយោគនៅកម្ពុជា»៕