បាឋកថាអំពី សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet ៖ មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត


លោកសាស្ត្រាចារ្យ Pierre BAPTISTE អ្នកជំនាញអភិរក្សវត្ថុសិល្បៈនៃសារមន្ទីរសិល្បៈអាស៊ី Guimet ប្រទេសបារាំង បានធ្វើបាឋកថាចែករំលែកចំណេះដឹងដល់មន្ត្រី-បុគ្គលិកអាជ្ញាធរជាតិអប្សរាស្តីអំពី «សមុច្ច័យពុម្ពចម្លាក់និងប្រាសាទខ្មែរដែលបានតាំងនៅសារមន្ទីរសិល្បៈអាស៊ី Guimet ៖ មណ្ឌលសម្រាប់ការងារអភិរក្សបេតិកភណ្ឌទៅអនាគត?» នៅមជ្ឃមណ្ឌលបណ្តុះបណ្តាលអង្គរ រយៈពេល១ថ្ងៃពេញ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។

លោកសាស្ត្រាចារ្យ Pierre BAPTISTE បានឱ្យដឹងពីគោលបំណងនៃការបង្រៀន គឺដើម្បីបង្ហាញអំពីការប្រមូលសមុច្ច័យបុរាណខ្មែរនៅក្នុងឃ្លាំងសារមន្ទីរសិល្បៈអាស៊ី Guimet ដែលជនជាតិបារាំងបានចម្លងពុម្ពរូបចម្លាក់ រូបប្រាសាទអង្គរវត្ត បាយ័ន្ត និងប្រាសាទសំខាន់ៗដទៃទៀតក្នុងសតវត្សរ៍ទី១៩ ដើម្បីយកមកតាំងពិព័រណ៍ពិភពលោកអំពីមរតកវប្បធម៌ប្រទេសដែលស្ថិតក្នុងដែនដីនៅក្រោមអាណាព្យាបាលរបស់ខ្លួននៅទីក្រុងប៉ារីស ហើយក៏ដើម្បីអភិរក្សរូបភាពដើមនៃប្រាសាទទាំងនោះ និងបានរក្សាទុករហូតដល់ចុងស.វ.ទី២០។ ថ្មីៗនេះ ក្រុមអភិរក្សក៏បានរៀបគំរូពុម្ពរូបឡើងវិញដើម្បីរៀបចំបង្ហាញសាធារណជន អំពីទិដ្ឋភាពរូបភាពដែលមានមក រវាងស្ថានភាពវត្ថុសិល្បៈនៅលើរូបពុម្ពចម្លង និងអ្វីដែលកំពុងកើតឡើងលើប្រាសាទអង្គរវត្តសព្វថ្ងៃនេះ។ ពិតណាស់ បន្ទាប់ពី១៤០ឆ្នាំមក ប្រាសាទអង្គរវត្តនិងប្រាសាទផ្សេងៗបានទទួលរងគ្រោះច្រើនពីភ្លៀងនិងមនុស្ស ធ្វើឱ្យប្រាសាទទាំងនោះបានបាត់បង់ផ្នែកខ្លះនៃក្បាច់ចម្លាក់ដើម ដោយសារតែដំណើរនៃការសឹករិចរិល។

លោកសាស្ត្រាចារ្យបន្តថា នាពេលអនាគតយើងសង្ឃឹមថា ពុម្ពចម្លងទាំងអស់នៅសារមន្ទីរ Guimet អាចជួយអាជ្ញាធរជាតិអប្សរាដើម្បីផ្តល់ព័ត៌មានបន្ថែមអំពីស្ថានភាពវិវត្តន៍នៃចម្លាក់ និងប្រាសាទទាំងនោះក្នុងរយៈពេល១៤០ឆ្នាំកន្លងមកនេះ ព្រោះរូបពុម្ពចម្លងអាចយកមកសិក្សាបាន នូវអ្វីដែលយើងមិនអាចយល់ ព្រោះតែរូបចម្លាក់ខ្លះបានបាត់បង់រូបរាង និងកុំឱ្យមានការស្មានខុសការពិតលើការសិក្សាសម័យក្រោយៗ។

លោក អ៊ឹម សុខរិទ្ធី ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាលអង្គរ និងជាអនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវនិងតម្កល់ឯកសារអង្គរ បានឱ្យដឹងថា៖ ការធ្វើបទបង្ហាញថ្ងៃនេះ គឺផ្តល់អត្ថប្រយោជន៍សម្រាប់អ្នកស្រឡាញ់និងមានអាជីពការងារលើវិស័យសិល្បៈបុរាណខ្មែរ ដើម្បីឱ្យយើងយល់ពីសារៈសំខាន់នៃការធ្វើពុម្ព ដែលជាបេតិកភណ្ឌប្លែកពីគេ និងការអភិរក្សវត្ថុសិល្បៈ។ បើតាមទ្រឹស្តីនៃសារមន្ទីរ គេអភិរក្សវត្ថុសិល្បៈបុរាណមានអាយុកាលរាប់រយពាន់ឆ្នាំ តែពុម្ពចម្លងនេះមិនមានអាយុកាលច្រើនទេ តែជាវត្ថុសិល្បៈមួយដ៏កម្រ ធ្វើដោយមនុស្សយ៉ាងពិចិត្រនិងមានទេពកោសល្យ ព្រោះពុម្ពទាំងនេះ រៀបជាខ្នាតពិត មានគុណភាពល្អ ហើយវិធីធ្វើនេះ សព្វថ្ងៃពិភពលោកស្ទើរតែភ្លេចទាំងស្រុងទៅហើយ។

លោកបន្តថា នេះជាវេលាមួយដែលបង្ហាញពីទស្សនៈថ្មី វិជ្ជាថ្មីទៅលើការអភិរក្សវត្ថុបុរាណផ្នែកពុម្ពចម្លង ដែលវាជាតម្លៃសម្រាប់ពិចារណាក្នុងការគ្រប់គ្រងនិងសិក្សាពីបេតិកភណ្ឌ។ វាអាចបញ្ជាក់ពីការពិតនៃប្រវត្តិវត្ថុសិល្បៈ អាចសិក្សាស្រាវជ្រាវ អភិរក្ស ដើម្បីឱ្យយើងដឹងពីទេពកោសល្យនិងបច្ចេកទេសដែលគេធ្វើ។

អ្នកសម្របសម្រួលកម្មវិធីរូបនេះ ក៏បានសង្កត់ធ្ងន់ដែរថា ការអភិរក្សប្រាសាទឬបេតិកភណ្ឌផ្សេងៗ មិនមែនធ្វើឱ្យគង់វង្សដូចដើមទេ គឺដើម្បីឱ្យវានៅឱ្យគេបានឃើញយូរអង្វែងតាមលទ្ធភាពដែលអាចធ្វើបាន ដោយបន្ថយរយៈពេលខូចខាតបានច្រើន ឱ្យអ្នកជំនាន់ក្រោយបានឃើញ។ ដូច្នេះហើយ វាដល់ពេលមួយដែលយើងត្រូវពិចារណារឿងធ្វើពុម្ពចម្លងវត្ថុសិល្បៈខ្មែរហើយ ព្រោះវត្ថុសិល្បៈបុរាណ ប្រាង្គប្រាសាទ វាគង់តែបាក់បែក ក្លាយជាគំនរថ្មនាថ្ងៃណាមួយមិនខាន បើរង់ចាំច្រើនឆ្នាំបន្តទៀត រហូតចម្លាក់ ប្រាសាទទាំងនោះមានហានីភ័យខ្ពស់ យើងនឹងមិនអាចធ្វើបានឡើយ៕