សិក្ខាកាម៤ប្រទេសក្នុងតំបន់អាស៊ានចូលរួមសិក្ខាសាលាស្តីអំពី យុវជននិងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌


ក្នុងគោលបំណងជំរុញស្មារតីស្រលាញ់ ចូលរួមថែរក្សា បង្កើនការយល់ដឹងអំពីកិច្ចការគ្រប់គ្រងសម្បត្តិបេតិភណ្ឌវប្បធម៌ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក យុវជនមកពីកម្ពុជា ថៃ វៀតណាម ឡាវ បានចូលរួមសិក្ខាសិលាស្តីអំពី «យុវជននិងការគ្រប់គ្រងបេតិកភណ្ឌវប្បធម៌» ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា។ សិក្ខាសាលានេះរៀបចំដោយគណៈកម្មាធិការយូណេស្កូជាតិកម្ពុជា ដោយសហការជាមួយអាជ្ញាធរជាតិអប្សរា និងសហភាពសហព័ន្ធយុវជនកម្ពុជា។

លោកសាស្រ្តាចារ្យ Azedine Beschaouch ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា៖ ជោគជ័យរបស់កម្ពុជាក្នុងវិស័យបេតិកភណ្ឌគឺការបណ្តុះបណ្តាលយុវជន ព្រោះបច្ចុប្បន្នអ្នកជំនាញខ្មែរមានសមត្ថភាពពេញលេញអាចធ្វើការជាមួយអន្តរជាតិបាន។ ដូច្នេះ សូមយុវជនយកចិត្តទុកដាក់រៀនសូត្រដើម្បីបន្តវេនជាបន្តទៀត ព្រោះថាតំបន់អង្គរមិនត្រឹមជាសម្បត្តិបេតិកភណ្ឌពិភពលោក ឬគ្រាន់ជាប្រាសាទធម្មតានោះទេ តែជាព្រលឹងជាតិខ្មែរទាំងមូល ដែលយុវជនខ្មែរត្រូវស្វែងយល់កិច្ចការបេតិកភណ្ឌឱ្យបានទូលំទូលាយ និងយល់ច្បាស់លាស់ពីតម្លៃព្រលឹងជាតិខ្មែរ។

ក្នុងនាមជាប្រធានយុវជនវិស័យបេតិកភណ្ឌនៃសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា៖ នេះមិនមែនជាលើកទីមួយទេដែលស.ស.យ.ក. បានសហការជាមួយស្ថាប័នផ្សេងៗដើម្បីបណ្តុះបណ្តាលយុវជនឱ្យយល់ដឹងពីបេតិកភណ្ឌ កីឡា និងកិច្ចការសំខាន់ៗផ្សេងៗគ្រប់វិស័យនៅក្នុងសង្គម ដើម្បីផ្តល់ឱ្យយុវជនមានការយល់ដឹងនូវការងារដែលត្រូវបន្តវេនពីអ្នកជំនាន់មុន។

អគ្គលេខាធិការគណៈកម្មការជាតិយូណេស្កូកម្ពុជា ឯកឧត្តម លឹម ប៊ុនហុក ក៏បានលើកឡើងក្នុងឱកាសដែលយុវជនទាំងអស់នឹងទទួលបានតាមរយៈការសិក្សារៀនសូត្រនិងបទពិសោធន៍ពីអ្នកជំនាញជាន់មុនៗ ព្រោះថាអ្នកជំនាញទាំងនោះមិនអាចនៅជាយូរអង្វែងបានឡើយ មានតែយុវជនប៉ុណ្ណោះដែលអាចបន្តការងារនេះ ប្រៀបបានជាទំពាំងស្នងឫស្សី។

សូមបញ្ជាក់ដែរថា សិក្ខាកាមជាតិ-អន្តរជាតិដែលបានចូលរួមមានចំនួនសរុប២០រូប មកពីអាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក យុវជនស.ស.យ.ក. រមណីយដ្ឋានវត្តភូប្រទេសឡាវ រមណីយដ្ឋានមីសឺង ប្រទេសវៀតណាម រមណីយដ្ឋានសុខោទ័យ និងក្រុងរណបនៃរមណីយដ្ឋានវាំងឃុំខាម ប្រទេសថៃ៕