ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី ចុះមកតាមដានសកម្មភាពការងាររបស់មន្ទីរ ពិនិត្យ និង វាយតម្លៃលើវឌ្ឍនភាពគម្រោងនានារបស់អង្គការ និងដៃគូអភិវឌ្ឍ


ថ្ងៃនេះ គឺជាថ្ងៃទី៣ នៃដំណើរបេសកកម្មរយ:ពេល ០៣ថ្ងៃរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ទិសពាយព្យនៃប្រទេសដើម្បីចុះមកតាមដានសកម្មភាពការងាររបស់មន្ទីរ ពិនិត្យ និង វាយតម្លៃលើវឌ្ឍនភាពគម្រោងនានារបស់អង្គការ និងដៃគូអភិវឌ្ឍដែលសហការអនុវត្តជាមួយក្រសួងនៅខេត្តឧត្តមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ។ តាមផ្លូវត្រឡប់មកកាន់រាជធានីភ្នំពេញវិញ ឯកឧត្តមរដ្ឋមន្រ្តីអមដំណើរដោយឯកឧត្តម សុខ លូ អភិបាលនៃគណអភិបាលខេត្ត និងឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុករដ្ឋបាលជលផល បានឈាងចូលពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក អ៉ីវ វណ្ណា នៅភូមិកំពង់ក្របៅ ឃុំកំពង់ក្របៅ ក្រុងស្ទឹង សែន ខេត្តកំពង់ធំ។ ម្ចាស់កសិដ្ឋាននេះ បានជម្រាបជូនឯកឧត្តមជ្រាបថា បច្ចុប្បន្នកសិដ្ឋានកំពុងចិញ្ចឹមត្រីព្រួល ឆ្កោក ទីឡាព្យា ឆ្ពិនក្នុងស្រះចំនួន ០៨ស្រះលើផ្ទះដីជាង ១០ហត និងជាមធ្យមក្នុង០១ឆ្នាំអាចចាប់បានត្រីចម្រុះចំនួនជាង ៧០តោន សុទ្ធតែជាប្រភេទត្រីមានតម្លៃនៅលើទីផ្សារ។

មានប្រសាសន៍ក្នុងអំឡុងពេលកំពុងចុះពិនិត្យកសិដ្ឋានផ្ទាល់ ឯកឧត្តមបានវាយតម្លៃ និងកោតសរសើរពីការយកចិត្តទុកដាក់ចិញ្ចឹមត្រីជាលក្ខណ:អាជីវកម្មទ្រង់ទ្រាយធំដែលធានាបរិមាណក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ សកម្មភាពវិនិយោគចិញ្ចឹមត្រីក្នុងស្រុកនេះ លោកបានសម្តែងការគាំទ្រ និងជួយជំរុញបន្ថែមដើម្បីឈានទៅធ្វើការនាំចេញទៅកាន់ទីផ្សារចិនដែលកំពុងមានសក្តានុពលចំពោះប្រភេទត្រីប្រា។ ដូច្នេះ រដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវសហការជួយផ្តល់ជាបច្ចេកទេសទាំងការចិញ្ចឹម ថែទាំ និងផលិតចំណី ជាពិសេសគួរផលិតពូជសម្រាប់កសិដ្ឋានផ្ទាល់ និងលក់ផ្សព្វផ្សាយជូនអ្នកចិញ្ចឹមនៅទូទាំងខេត្ត បំណងបង្កើនផលិតផលវារីវប្បកម្មកម្ពុជាឲ្យមានការរីកចម្រើន និឈានទៅធ្វើការនាំចេញនាពេលអនាគត។